ម្ចាស់​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​ប្រភេទ​នេះ​ហើយ​ដែល​ប្រមាថ​លើ​បុរស​ខ្លាំង​និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

​អនុលោម​តាម​មាត្រា​៥​ និង​មាត្រា​១១​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រការ​៨​នៃ​ប្រកាស​របស់​ក្រសួងការពារជាតិ​ លេខ​០៦៤/២០០៩​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ប្រើប្រាស់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព​ និង​ដឹក​ជញ្ជូន​កងទ័ព​ គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​ ហើយ​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​ ។​

​ដោយឡែក​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-7078​ មួយ​គ្រឿង​ដូច​មាន​បង្ហាញ​រូបភាព​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​នេះ​ គឺជា​រថយន្ត​មាន​លេខ​កូដ​សម្គាល់​ស្ថាប័ន​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ តែ​មិន​មាន​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​អ្វី​ឡើយ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-7078​ នេះ​ គឺជា​របស់​ថៅកែ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​ឈ្មោះ​ ស្រូ​យ​ ដែល​តែងតែ​ជិះ​មក​មើល​ការដ្ឋាន​បូម​ខ្សាច់​របស់​ខ្លួន​ ហើយ​ម្ចាស់​រថយន្ត​នេះ​មាន​ចរិត​កាច​សាហាវ​ណាស់​ ដោយសារ​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៣​ បាន​មក​គំរាមកំហែង​អ្នក​ភូមិ​ថា​ នឹង​បាញ់​អ្នក​ណា​ដែល​ហ៊ាន​រារាំង​សកម្មភាព​បូម​ខ្សាច់​របស់​ខ្លួន​នោះ​ ។​

​សរុបសេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ម្ចាស់​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-7078​ ជា​អ្នក​ប្រមាថ​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជា​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ។​ ដូច្នេះ​គេ​ចោទ​ជា​សំណួរ​ថា​ តើ​បុរស​ខ្លាំង​និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ព្រម​នៅ​ស្ងៀម​បណ្តោយ​ឲ្យ​ម្ចាស់​យានយន្ត​ទំនើប​នេះ​មើលងាយ​ និង​ប្រមាថ​លើ​តទៅ​ទៀត​ដែរ​ឬទេ​ ឬ​ក៏​ត្រូវ​មាន​វិធានការ​តាម​នីតិវិធី​នៃ​ច្បាប់​ ?​ ៕​

Land-Cruiser-02.12.2013


Source from: www.dtn7.com

No comments:

Post a Comment