ក្រុមចោរប្រដាប់អាវុធ វាយប្លន់លុយនិងគ្រឿងអលង្ការ ពីស្ត្រីអាជីវករប្រហែល ៨ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ ស្ដ្រីជាអាជីវករ ២នាក់បងប្អូន នៅផ្សារដើមក្រឡាញ់ ត្រូវបុរស ៣នាក់ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី បានធ្វើសកម្មភាពវាយ និងប្លន់ប្រមូលយក គ្រឿងអលង្ការដែលដាក់ក្នុងស្បោង ខណៈដែលជនរងគ្រោះចាកចេញពីតូបលក់ដូរ កាលពីវេលាម៉ោងប្រមាណ ៤និង២០ នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ។
សេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា គ្រឿងអលង្ការនិងប្រាក់ ដែលត្រូវក្រុមចោរ ប្លន់យកនោះ ប្រហែល ៨ម៉ឺនដុល្លារ ។ អំពើប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅពេលដែលស្ដ្រីរងគ្រោះ ២នាក់ ជាអាជីវករ លក់គ្រឿងអលង្ការ នៅផ្សារដើមក្រឡាញ់ បិទតូបហើយនាំគ្នា ជិះម៉ូតូហួសពីផ្សារបានប្រហែល ១គីឡូម៉ែត្រ ក៏លេចមុខក្រុមចោរជិះម៉ូតូ ២គ្រឿង មកភ្ជង់ពួកគេទាំង ២នាក់ ដោយប្រើកាំភ្លើងខ្លី ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ជនសង្ស័យទាំង ៣នាក់ បានយកកាំភ្លើងវាយ ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ខណៈដែលស្ដ្រីរងគ្រោះ មិនចង់ប្រគល់ គ្រឿងអលង្ការទៅឱ្យពួកគេ ហើយស្ដ្រីរងគ្រោះ ត្រូវបានបញ្ជូន ទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យ។ សមត្ថកិច្ចខេត្ដ សង្ស័យថា ក្រុមចោរអាចតាមដាន សកម្មភាពរបស់ជនរង គ្រោះ ជាយូរណាស់មកហើយ ទើបនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នេះពួក គេឆ្លៀតឱកាសធ្វើសកម្មភាពតែម្ដង ៕
Source from: watphnom-news.com