ជំនាញរដ្ឋបាលព្រៃឈើរបស់លោក សូយ សារិទ្ធ បានត្រឹមតែរាប់ក្បាលឡាន និងក្បាលទូកដឹកឈើយកលុយ ច្រកហោប៉ៅធ្វើមានធ្វើបាន

ខេត្តក្រចេះ ៖ ចាប់តាំងពីពេលមុន យុទ្ធនាការឃោសនា រកសំឡេងឆ្នោត មកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តក្រចេះ ទាំងតាមផ្លូវទឹកនិងផ្លូវគោក មានការកើនឡើង គួរឲ្យកត់សម្គាល់ ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ របស់លោក សូយ សារិទ្ធ នៅទូទាំងខេត្តក្រចេះ បានត្រឹមតែរាប់ក្បាលឡាន និងក្បាលទូកដឹកឈើ យកលុយប៉ុណ្ណោះ មិនដែលហ៊ានបង្ក្រាបទេ ព្រោះខ្លាចប៉ះពាល់ប្រយោជន៍ ឆ្នាំងបាយរបស់ពួកគេ។
ទង្វើរបស់លោក សូយ សារិទ្ធ ដែលមិនយកចិត្តទុកដាក់ បង្ក្រាបជំនួញឈើខុសច្បាប់ ដ៏អនាធិបតេយ្យ បានក្លាយជាមុខព្រួញដ៏មុតស្រួច បាញ់ទម្លុះបេះដូងលោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើ ព្រោះមុនពេលប្រកាសតែងតាំងមុខតំណែងលោក ឆេង គឹមស៊ុន គេចងចាំច្បាស់ណាស់ថា សម្តេច ហ៊ុន សែន បានព្រមានរួចហើយ អំពីបទល្មើសព្រៃឈើ បើគ្មានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពទេនោះ លោក ឆេង គឹមស៊ុន មិនត្រឹមតែត្រូវដកហូតតំណែងប៉ុណ្ណោះទេ គឺអាចនាំទៅផ្តន្ទាទោស តាមច្បាប់ផងដែរ ប៉ុន្តែការព្រមានបែបនេះ លោក សូយ សារិទ្ធ អត់មានឈឺក្បាល វិលមុខអ្វីនោះទេ។
លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីកសិកម្ម គួរតែសិក្សាឡើងវិញ ពីភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ក្នុងទឹកដីខេត្តក្រចេះ ដែលលោក សូយ សារិទ្ធ បានរក្សាទុកជាប្រយោជន៍ឆ្នាំងបាយ មិនដែលហ៊ានប៉ះពាល់ទេ ដូចដែលក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មួយចំនួនបានលើកឡើងថា ប្រសិនបើមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ បើកភ្លើងខៀវរួចទៅហើយ គ្មានអ្វីលំបាកនោះទេ ព្រោះសមត្ថកិច្ចដទៃទៀត គ្រាន់តែជាជើងក្រោយប៉ុណ្ណោះ។ ឲ្យតែបង់លុយគ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះមន្ត្រីជំនាញស្ងាត់មាត់ រួចទៅហើយ គ្មាននរណារវីរវល់ដឹកនាំកម្លាំង ចុះទៅបង្ក្រាបនោះទេ។
គេកំពុងតាមដាន ចំពោះសកម្មភាព របស់ក្រុមឈ្មួញធំៗ មួយចំនួនដូចជា ឈ្មោះ លាង ឈ្មោះ ភារម្យ និងឈ្មោះ ប្រុស ដែលកំពុងតែសកម្ម ក្នុងការដឹកជញ្ជូនឈើ តាមទូកពីភាគខាងលើ ខេត្តស្ទឹងត្រែង ចូលទឹកដីខេត្តក្រចេះ ដែលមានការចំណាយប្រាក់ បង់ឲ្យមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ យ៉ាងស្ងៀមស្ងាត់ គេមិនដែលឃើញប្រតិកម្ម របស់លោក សូយ សារិទ្ធម្តងណាឡើយ ទំនងណាស់ដែលថា លោក សូយ សារិទ្ធ ត្រូវបានក្រុមឈ្មួញធំៗ ដែលរកស៊ីខុសច្បាប់ទាំងនោះ សែនព្រេន រួចរាល់អស់ហើយ ទើបគ្មាននរណាអើពើបង្ក្រាប។
ក្រុមឈ្មួញសប្បាយ រីករាយចិត្តយ៉ាងខ្លាំង ដោយសារតែលោក សូយ សារិទ្ធ អសកម្មមិនយកចិត្តទុកដាក់ បង្ការបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ឲ្យស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ព្រោះភាពធូររលុងរបស់ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ជាឱកាសដែលក្រុមឈ្មួញខិលខូច អាចនាំគ្នារកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងងាយស្រួលប្រមូលផលចំណេញ យកទៅច្រកហោប៉ៅធ្វើជា មហាសេដ្ឋីគ្រប់ៗគ្នាទៅហើយ។ ការដឹកជញ្ជូនឈើទាំងតាមរថយន្តតូច និងរថយន្តធំ ឆ្លងកាត់ទឹកដីខេត្តក្រចេះ ពេលខ្លះជាប់ផុងឬខូចតាមផ្លូវ ក៏គេមិនដែលឃើញមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ របស់លោក សូយ សារិទ្ធ ហ៊ានហើបមាត់នោះទេ។
កន្លងមកបទល្មើសព្រៃឈើ ដែលកើតមានយ៉ាងអនាធិបតេយ្យ នៅទូទាំងប្រទេសកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានហៅ ក្រុមអ្នករកស៊ីឈើខុសច្បាប់ និងមន្ត្រីពុករលួយ ដែលឃុបឃិតឲ្យមាន ជំនួញឈើខុសច្បាប់ ថាជាឧក្រិដ្ឋជន។ ប៉ុន្តែមកដល់ម៉ោងនេះ គេមិនទាន់ឃើញមានការនាំខ្លួន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ពុករលួយណាម្នាក់ ទៅដាក់ពិន័យ ឬផ្តន្ទាទោសទាក់ទិន នឹងករណីឃុបឃិត ឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យនោះទេ ទើបការដឹកជញ្ជូនឈើខុសច្បាប់ មិនអាចលុបបំបាត់បានដោយប្រសិទ្ធភាព ហើយប្រសិនបើរាជរដ្ឋាភិបាល មានឆន្ទៈពិតប្រាកដក្នុងការ បង្ក្រាបបទល្មើស ព្រៃឈើទំនងជា គ្មានអ្វីជាការលំបាកនោះទេ៕
Source from: watphnom-news.com