ប្រជាពលរដ្ឋនិងក្រុមអ្នកជំនួញ រអ៊ូរទាំពីការដំឡើងពន្ធដារ និងពន្ធនាំចូលទំនិញ បង្កឲ្យមានផលប៉ះពាល់និងខាតបង់ គ្រប់បែបយ៉ាង

រាជធានីភ្នំពេញ ៖ វិធានការថ្មីរបស់អគ្គនាយក គយនិងរដ្ឋាករ បានជំរុញឲ្យក្រុមអ្នករកស៊ី ទាំងតូចទាំងធំរអ៊ូរទាំអំពី ភាពយឺតយ៉ាវការខាតបង់ពេលវេលា និងការចំណាយលុយកាក់ លើបែបបទដ៏ស្មុគស្មាញ នាំឲ្យអាជីពរបស់ពួកគេ ប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសសមាគម រោងចក្រកាត់ដេរកម្ពុជា បានព្រួយបារម្ភទៅលើ ផលប៉ះពាល់ការឡើងថ្លៃទំនិញ ដែលជាដើមចមនាំឲ្យ កម្មករទាមទារដំឡើងប្រាក់ខែ ហើយបើនិយាយពីប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលតិចតួច ក៏បានរអ៊ូរទាំអំពីតម្លៃទំនិញ ដែលលក់រាយសឹង គ្រប់ប្រភេទ ទាំងអស់ឡើងថ្លៃយ៉ាងគំហុក។
គេចាំបានថា លោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកគយ និងរដ្ឋាករបានចេញ លិខិតជូនដំណឹង ដល់មន្ត្រីគយទាំងអស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយលើកឡើងនូវ គោលការណ៍ណែនាំ ឲ្យមន្ត្រីបំពេញការងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដែលក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា ជំនាញគយត្រូវតែពង្រឹង ស្មារតីសីលធម៌របស់ខ្លួន ក្នុងការត្រួតពិនិត្យ ពន្ធគយ។ លោក ប៉ែន ស៊ីម៉ន បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទថា មន្ត្រីគយត្រូវតែ បំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី សីលធម៌ស្មោះត្រង់ ទៅតាមបទបញ្ជា ដោយមិនមានការរើសអើង ឬលម្អៀងទៅលើបក្ខពួក សាច់ញាតិ មិត្តភក្តិនោះទេ ហើយមន្ត្រីគយគ្រប់ច្រកល្ហក បានអនុវត្តន៍ផែនការទាំងនេះ យ៉ាងយកចិត្តទុកដាក់ បើទោះបីជាមានភាពប្រទាំងប្រទើស ជាមួយក្រុមអ្នករកស៊ី នាំចូលទំនិញក៏ដោយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចាប់ផ្តើមផែនការ អនុវត្តន៍ប្រតិបត្តិ ដើម្បីពង្រឹងសមត្ថភាពការងារ និងការប្រមូលពន្ធ ឲ្យបានច្រើននិងឆាប់រហ័ស តាមរយៈកិច្ចប្រឹងប្រែង ក្នុងការត្រួតពិនិត្យ និងការយកពន្ធឲ្យបានត្រឹមត្រូវ លើផលិតផលទំនិញ ដែលបាននាំចូលប្រទេសកម្ពុជា។ ក្រោយសេចក្តីក្រើនរំលឹក របស់អគ្គនាយកគយ ក្រុមពាណិជ្ជករជាច្រើនបានរអ៊ូរទាំថា ការងារពន្ធដារ និងពន្ធនាំចូលទំនិញ ដែលត្រូវពង្រឹង កាលពីពេលថ្មីៗនេះ កំពុងតែជំរុញឲ្យក្រុមហ៊ុនរបស់ពួកគេ បង្កើនពេលវេលា និងលុយកាក់ចំណាយលើសេវាផ្សេងៗ ដោយសារតែសកម្មភាព ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន មានល្បឿនយឺតជាងពេលមុន និងចំណាយថ្លៃដើមកាន់តែច្រើន បូករួមជាមួយនឹងភាពស្មុគស្មាញ នៃការបំពេញបែបបទ បង្កើតឲ្យមានភាពធុញទ្រាន់យ៉ាងខ្លាំង។
ក្រុមអ្នករកស៊ីមួយចំនួន បានបង្ហើបឲ្យដឹងថា នៅតាមចំណុចច្រក ព្រំដែនមួយចំនួន ប្រសិនបើមានម៉ាស៊ីនស្កេនន័រ រួចហើយនោះ អាចដឹងថានៅក្នុងកុងតឺន័រ បាននាំចូលទំនិញ ប្រភេទអ្វីខ្លះរួចហើយ ប៉ុន្តែជំនាញគយ បានទាមទារឲ្យមាន ការបើកកុងតឺន័រ ជាលេសកោសរូស ឲ្យក្រុមហ៊ុនរកស៊ីនាំចូលទំនិញ បង់លុយក្រៅផ្លូវការ។ ក្រុមអ្នករកស៊ីនាំចូលទំនិញ ក៏បានបញ្ជាក់ផងដែរថា នៅតំបន់ខ្លះទៀត ដែលមិនមានម៉ាស៊ីនស្កេនន័រ ជំនាញគយបានបើកកុងតឺន័រ ឬលើកដាក់ទំនិញ ដើម្បីរាប់ពីចំនួនឯកតា នៃទំនិញនាំចូល បង្កើតឲ្យមានភាពយឺតយ៉ាវខូចខាត ប៉ះពាល់ដល់ទំនិញ។ វិធានការរឹតបន្តឹងរបស់គយ បានធ្វើឲ្យក្រុម អ្នករកស៊ីជាច្រើនមានបញ្ហា ក្នុងការនាំចូលទំនិញទ្រង់ទ្រាយតូច ពីព្រោះតែវិធានការនេះ មានការតឹងរ៉ឹងជាងមុន លើសកម្មភាពនាំចេញ និងនាំចូលដោយមន្ត្រីគយ ត្រូវត្រួតពិនិត្យឲ្យបាន ១០០ភាគរយ។
ដូច្នេះនឹងធ្វើឲ្យក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងបាត់បង់ប្រាក់ចំណូល យ៉ាងតិចបំផុត ១៥ភាគរយ ព្រោះត្រូវចំណាយ លើសេវាផ្សេងៗដែលកើតចេញ ពីភាពយឺតយ៉ាវនៃការត្រួតពិនិត្យទំនិញ ខណៈដែលគេមើលឃើញថា ជំនាញគយមួយចំនួន បានអនុវត្តន៍ផែនការនេះ មិនសមស្របតាមការណែនាំ ឬបង្កើតលេសផ្សេងៗ សម្រាប់ស្វែងរកផលប្រយោជន៍ ច្រកហោប៉ៅផ្ទាល់ខ្លួន។ ក្រុមអ្នករកស៊ីជាច្រើន បានបញ្ជាក់ផងដែរថា វិធានការរឹតបន្តឹងនេះ បានធ្វើឲ្យពួកគេចំណេញតិចតួចបំផុត សម្រាប់ការនាំចូលទំនិញ ហើយទំនិញដែលធ្លាប់ នាំចូលពីប្រទេសជិតខាង ស្ទើរតែលុបបំបាត់ទាំងស្រុង ដោយសារតែក្រុមហ៊ុនមួយចំនួន ត្រូវផ្តោតទៅលើការនាំចូលទំនិញ ដែលមានគុណភាពខ្ពស់ ឲ្យស្របទៅតាមតម្លៃ ដែលលក់នៅទីផ្សារ ហើយភាគច្រើនមានការ បញ្ជាទិញទំនិញពីតំបន់អឺរ៉ុប។
យ៉ាងណាក៏ដោយ តំណាងក្រុមអ្នករកស៊ី ក្នុងវិស័យកាត់ដេរ សេវាកម្ម និងទេសចរណ៍ ក៏បានបញ្ជាក់ផងដែរថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាល ក្នុងការត្រួតពិនិត្យពន្ធគយ និងពន្ធដារ បង្កផលប៉ះពាល់ដល់មូលដ្ឋាន សេវាកម្មរបស់ពួកគេ ដូចជាសមាគមរោងចក្រកាត់ដេរ បានរំលឹកឡើងវិញថា នៅពេលដែលតម្លៃវត្ថុធាតុដើម ក្នុងវិស័យកាត់ដេរ មិនទទួលផលប៉ះពាល់ខ្លាំង តែមានការប៉ះពាល់ ដោយប្រយោល ចំពោះថ្លៃដើម ដែលខ្ពស់ជាងមុន បើតម្លៃកើនឡើង ច្បាស់ណាស់ដែលថា កម្មករនឹងទាមទារឲ្យមានការដំឡើង ប្រាក់ឈ្នួល នាំឲ្យពួកគេជួបការខាតបង់ នឹងរងផលប៉ះពាល់ដោយប្រយោល។ ចំណែកវិស័យសេវាកម្មនិងទេសចរណ៍វិញ បានរងនូវផលប៉ះពាល់ ដោយសារតែកំណើននៃថ្លៃទំនិញ ដូចជាសេវាស្នាក់នៅការហូបចុក របស់ភ្ញៀវទេសចរ ក៏ត្រូវកើនឡើង ១០០ភាគរយ ព្រោះទំនិញភាគច្រើន សុទ្ធតែនាំចូលពីក្រៅប្រទេស។
ប្រជាពលរដ្ឋបានរអ៊ូរទាំ អំពីតម្លៃទំនិញនៅតាមទីផ្សារ ដែលកំពុងឡើងថ្លៃស្រឺតៗ ដូចទឹកជំនន់ ដែលប្រភេទទំនិញខ្លះ សឹងថា ១គុណនឹង២ ឬគុណនឹង៣ ទន្ទឹមពេលដែលពួកគាត់ គ្មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ ជីវភាពបង្កផលប៉ះពាល់ ខ្លាំងសម្បើមណាស់។ ប្រសិនបើទំនិញ ចេះតែឡើងថ្លៃដោយសារតែ ការដំឡើងពន្ធដារ និងពន្ធគយ ច្បាស់ណាស់ដែលថា ប្រជាពលរដ្ឋខ្មែរទូទៅ នឹងជួបផលលំបាក សព្វបែបយ៉ាង ដោយសារតែពួកគាត់ គ្មានលុយទិញអាហារហូបចុក និងសម្ភារៈសម្រាប់ ប្រើប្រាស់។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានឲ្យយោបល់ថា ប្រភេទទំនិញមួយចំនួនដូចជា គ្រឿងហូបចុកមិនគួររឹតបន្តឹង ឲ្យបង់ពន្ធខ្ពស់ពេកទេ ហើយសម្រាប់ប្រទេសកម្ពុជា ដែលជាទីផ្សារនាំចូលទំនិញ មកពីបណ្តាប្រទេសក្បែរខាង ពិតជារងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែការឡើងថ្លៃទំនិញ៕
Source from: watphnom-news.com
No comments:
Post a Comment