
ឯកឧត្តម ឈិត សារិទ្ធ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ២៥៥ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ បានទទួលមរណភាពក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨ព្រឹក នាថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ ។
តាមក្រុមគ្រួសារសាច់ញាតិរបស់សពបានឲ្យដឹងថា សពឯកឧត្តម ឈិត សារិទ្ធ បាននិងកំពុងតម្កល់ទុកនៅវត្តទួលទំពូង និងត្រូវធ្វើការបូជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ ។
ឯកឧត្តម ឈិត សារិទ្ធ កើតនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៧០ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។ ឯកឧត្តមបានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០០២មានអត្តលេខ២៥៥។
កាលពីអាណត្តិទី៤និងនៅអាណត្តិទី៥នេះ ឯកឧត្តម ឈិត សារិទ្ធ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៤ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
ឯកឧត្តម ឈិត សារិទ្ធ ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ កាលពីអាណត្តិទី៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៩/១៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៩។ លើសពីនេះ កាលពីអាណត្តិទី៤ ឯកឧត្តមឈិត សារិទ្ធ ក៏ធ្លាប់ត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយ អនុក្រឹត្យលេខ១១៤៦អនក្រ.តតចុះថ្ងៃទី១៦ខែតុលាឆ្នាំ២០០៨ ប៉ុន្តែមុខតំណែងនេះត្រូវបានបញ្ចប់ហើយនៅអាណត្តិទី៥៕
Source from: www.dtn7.com