
យោងតាមការចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះរបស់គេហទំព័រគណបក្សប្រជាជនកម្ពុជា បានធ្វើការចោទប្រកាន់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃជាន់ខ្ពស់ពីប្រទេសកម្ពុជា ដែលនិមន្តចូលរួមបុណ្យបញ្ចុះសីមាវត្តខ្មែរក្នុងទីក្រុង Jacksonville នៃរដ្ឋ Florida សហរដ្ឋអាមេរិក បានរងការគំរាមកំហែងសន្តិសុខពីសកម្មជនគណបក្សសង្គ្រោះជាតិ ដែលញុះញង់បង្កការធ្វើបាតុកម្មប្រឆាំងនៅពេលដែលព្រះអង្គនិមន្តទៅដល់ ។
គេហទំព័រគណបក្សប្រជាជនកម្ពុជាបានលើកឡើងទៀតថា សកម្មជនគណបក្សសង្គ្រោះជាតិឈ្មោះ ជឹម ប៊ន នៅក្រុង Jacksonville បានធ្វើលិខិតញុះញង់បង្កឲ្យមានបាតុកម្មប្រឆាំងនឹងដំណើររបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងព្រះសង្ឃជាន់ខ្ពស់កម្ពុជា និងប៉ុនប៉ងអុជអាលឲ្យអ្នកគាំទ្ររបស់ខ្លួនគប់វត្ថុរឹងសំដៅទៅលើព្រះសង្ឃខ្មែរពីប្រទេសកម្ពុជាថែមទៀត ដោយសារតែភាពរើសអើងនយោបាយរបស់គណបក្សប្រឆាំង ។
គួរបញ្ជាក់ថា វត្តខ្មែរមួយឈ្មោះ ខន្តិយារាម ក្នុងសហគមន៍ខ្មែរនៃទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក បាននិមន្តព្រះសង្ឃខ្មែរទូទាំងសកលលោក ក្នុងនោះរួមមានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងព្រះសង្ឃជាន់ខ្ពស់ពីប្រទេសកម្ពុជា យាងចូលរួមផងដែរក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក ៕
Source from: www.dtn7.com