យុគ ចិន្តា បង្ហោះរូបថតថៅកែរបស់ខ្លួនគឺអ្នកឧកញ៉ា គិត ម៉េង ជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ជាលើកដំបូងក្នុង Facebook

នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះ អ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និង CNC បាន Post រូបថតអនុស្សាវីយ៍ថៅកែរបស់នាង គឺអ្នកឧកញ៉ា គិត ម៉េង ជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ក្នុងលក្ខណៈជាគ្រួសារដ៏ផ្អែមល្ហែមជាច្រើនសន្លឹកលើកដំបូង នៅក្នុង Page របស់នាង ។
តាមការពិត វត្តមានរូបថតអនុស្សាវរីយ៍ស្នេហាជាលក្ខណៈគ្រួសារផ្អែមល្ហែមរបស់អ្នកឧកញ៉ា គិត ម៉េង និងអតីតតារាចម្រៀង ស្រី តូចចំណាន រួមជាមួយកូនតូចៗដ៏មានសុភមង្គលនោះ មិនមែនទើបលេចចេញរូបរាងនៅពេលអ្នកនាង យុគ ចិន្តា បង្ហោះនាថ្ងៃនេះទេ គឺត្រូវបានអ្នកលេង Facebook បង្ហោះពេញ Facebook តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣មកម្ល៉េះ ហើយត្រូវបានគេហទំព័រសារព័ត៌មានដើមត្នោតធ្វើការចុះផ្សាយអំពីទិដ្ឋភាពនៃការបង្ហោះរូបថតសម្ព័ន្ធស្នេហារវាងអ្នកឧកញ៉ា គិត ម៉េង និងអតីតតារាចម្រៀង ស្រី តូចចំណាន នេះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ។
កាលពីប៉ុន្មានឆ្នាំមុន គឺធ្លាប់តែលេចឮពាក្យចចាមអារាមល្បីល្បាញថា អ្នកឧកញ៉ា គិត ម៉េង មានសម្ព័ន្ធស្នេហាជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ប៉ុន្តែគេមិនបានឃើញអ្នកទាំង២ចូលរោងការតាមប្រពៃណី ស័ក្តិសមនឹងកិត្តិយស ព្រមទាំងទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា គិត ម៉េង នោះទេ ។ ដូច្នេះ មជ្ឈដ្ឋាននានាក៏ចាត់ទុកព័ត៌មានចចាមអារាមនេះជារឿងធម្មតានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ហើយបណ្តាញព័ត៌មានក៏មិនហ៊ានចុះផ្សាយឲ្យបានដិតដល់អំពីព័ត៌មាននេះដែរ ដ្បិតខ្លាចប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាឈ្មួញដ៏មានឥទ្ធិពល ។
ក្រោយមក នាពេលកន្លងទៅថ្មីៗនេះ ស្រាប់តែបែកធ្លាយរូបថតអនុស្សាវរីយ៍ស្នេហាជាលក្ខណៈគ្រួសារផ្អែមល្ហែមរបស់អ្នកឧកញ៉ា គិត ម៉េង និងអតីតតារាចម្រៀង ស្រី តូចចំណាន ព្រមទាំងមានកូនតូចៗចំនួន៤ផងនោះ ត្រូវបានបង្ហោះក្នុងគេហទំព័របណ្តាញសង្គម Facebook ទើបធ្វើឲ្យមជ្ឈដ្ឋាននានាវាយតម្លៃសន្និដ្ឋានដោយជឿជាក់ថា អ្នកឧកញ៉ា គិត ម៉េង មានសម្ព័ន្ធស្នេហារយៈពេលជាច្រើនឆ្នាំជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ពិតប្រាកដដូចពាក្យចចាមអារាមមែន ។
ឥឡូវនេះ អ្នកនាង យុគ ចិន្តា ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និង CNC បានទទួលស្គាល់ថា ថៅកែរបស់នាងគឺអ្នកឧកញ៉ា គិត ម៉េង និងអតីតតារាចម្រៀង ស្រី តូចចំណាន បានក្លាយទៅជាសម្ព័ន្ធស្នេហាគ្រួសារនឹងគ្នាហើយ ទើបនាងបង្ហោះរូបថតថៅកែរបស់នាងជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន នៅក្នុង Page របស់នាង ។
មជ្ឈដ្ឋានអ្នកសិល្បៈ និងអ្នកលេង Facebook បានសម្តែងនូវការកោតសរសើរចំពោះសំណាងរបស់អតីតតារាចម្រៀង ស្រី តូចចំណាន ដែលបានរួមរស់នៅក្នុងគ្រួសារជាអភិជន និងបានលាន់មាត់សរសើរទៀតថា រវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលជាមួយអតីតតារាចម្រៀង ស្រី តូចចំណាន ពិតជាគ្រួសារមួយដ៏មានសុភមង្គល ៕
Source from: www.dtn7.com