កញ្ញាគាំទ្របក្សសង្គ្រោះជាតិនិងជាអ្នកលេង Facebook ដ៏ល្បីម្នាក់ទៀតទទួលរងការយីយារំខាន

កញ្ញា ធី សុវណ្ណថា ដែលជានារីអង់អាចក្លាហានក្នុងចលនាគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្ម តាំងពីពេលដង្ហែឃោសនាគណបក្សរហូតមកដល់ពេលគណបក្សដឹកនាំធ្វើមហាបាតុកម្មទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញសព្វថ្ងៃនេះ និងក៏ជាអ្នកលេងបណ្តាញសង្គម Facebook ដ៏ល្បីម្នាក់ផងនោះ បាននិងកំពុងទទួលរងនូវការយីយារំខានពីអ្នកដែលចង់បំបាក់កិត្តិសយរបស់នាង ។
នៅវេលាល្ងាចនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣នេះ កញ្ញា ធី សុវណ្ណថា បាន Post នៅក្នុង Page របស់នាងដោយអះអាងថា មានអ្នករំខាននាងរយៈពេល៧ខែមកហើយតាំងពីពេលហែបក្ស ។ អ្នកដែលរំខានកញ្ញានោះ បានព្យាយាមបំបាក់កិត្តិយសរបស់នាង ចង់គ្រប់គ្រងនាង ដោយធ្វើការប្រកាសប្រាប់គេឯងថា នាងជាគូដណ្តឹងរបស់គេ (អ្នករំខាន) ។ ជាមួយនឹងការយីយារំខាននេះ កញ្ញា ធី សុវណ្ណថា បានសំណូមពរឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជួយដល់នាងផង ។
ទោះយ៉ាងណាក៏ដោយ គេមិនទាន់អាចកំណត់មុខសញ្ញាឲ្យបានជាក់លាក់នៅឡើយទេថា តើនរណាជាអ្នកយីយារំខានដល់កញ្ញា ធី សុវណ្ណថា ដែលជានារីអង់អាចក្លាហានក្នុងចលនាគាំទ្រគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងក៏ជាអ្នកលេង Facebook ដ៏ល្បីនោះ ?
សូមរំលឹកជូនថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ គឺនៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥រួចភ្លាមៗ កញ្ញាគាំទ្របក្សសង្គ្រោះជាតិដ៏សកម្ម និងជាម្ចាស់ Page ក្នុងបណ្តាញសង្គម Facebook មួយឈ្មោះ I Love Cambodia Hot News II ដែលកាលណោះបានប្រើ Profile ដាក់រូបកញ្ញា ធី សុវណ្ណថា ធ្លាប់បាន Post នៅក្នុង Page របស់នាងប្រកាសថា មានគេប៉ុនប៉ងចាប់ខ្លួននាងរួចម្តងមកហើយ ៕
Source from: www.dtn7.com