សាធារណជនរិះគន់ ការប្រើកម្លាំងយោធាបង្ក្រាប ទៅលើបាតុកម្មអហិង្សារបស់កម្មករ

រាជធានីភ្នំពេញ ៖ មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ បានហៅការបង្ក្រាប និងការចាប់ខ្លួន មនុស្សប្រមាណ ១០នាក់ ដោយកម្លាំងយោធា នៅថ្ងៃព្រហស្បតិ៍នេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈដែលកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើបាតុកម្មទាមទារ ដំទ្បើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ អាមេរិកក្នុងមួយខែ។
កម្មកររាប់ពាន់នាក់ មកពីរោងចក្រជាច្រើននៅតំបន់នោះ និងកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ដែលដាក់ការពារមុខរោងចក្រ យ៉ាកជីង ប៉ះពាក្យសម្តី និងគប់ដបទឹកសុទ្ធដាក់គ្នា ឈានដល់ការផ្ទុះហិង្សា និងការចាប់ខ្លួន មនុស្សប្រមាណ ១០នាក់ រួមមានព្រះសង្ឃ មន្ត្រីសហជីពកម្មករ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងប្រជាសហគមន៍បឹងកក់ លោក ពុទ្ធិស័ក្កិ ជាដើម។
អ្នកគ្រប់គ្រងបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត បានដំដែងការសោកស្តាយ ចំពោះអំពើហិង្សានៅថ្ងៃនេះ ដោយចាត់ទុកថា ជាករណីរំលោភសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព នៃការបញ្ចេញមតិ យ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលមិនត្រូវប្រើ កម្លាំងយោធាបង្ក្រាប ការធ្វើបាតុកម្មអហិង្សានោះទេ ព្រោះកងកម្លាំងទាំងនោះ មិនបានរៀនពីច្បាប់ទំលាប់ គឺស្តាប់តែបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ លោក នុត រំដួល បានហៅការបង្ក្រាបនេះថា ជាអំពើសាហាវឃោរឃៅ ទៅលើប្រជាពលរដ្ឋ ដែលមិនមានកំហុស និងបានទាមទារឲ្យ រាជរដ្ឋាភិបាលដោះលែង អ្នកដែលត្រូវបានចាប់ខ្លួននោះមកវិញ ប្រសិនបើមិនដូច្នោះទេ ប្រជាពលរដ្ឋ និងកម្មករ នឹងប្រមូលផ្តុំគ្នាតវ៉ា រហូតទាល់តែ មានការដោះលែងអ្នកទាំងនោះមកវិញ ដែលសូម្បីតែឪពុកម្តាយរបស់ ជនរងគ្រោះ ក៏មកចូលរួមតវ៉ាផងដែរ។
លោក នុត រំដួល បន្ថែមថា ការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងកម្មករ ជាការទទួលខុសត្រូវរបស់ កម្លាំងសមត្ថកិច្ចទាំងនោះ។ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា នៅពេលនេះប្រជាពលរដ្ឋ កំពុងប្រមូលផ្តុំគ្នា ដើម្បីទៅចូលរួមជួយតវ៉ា ឲ្យមានការដោះលែងប្រជាជន ដែលត្រូវចាប់ខ្លួនទាំងនោះមកវិញ ហើយនេះមែនជាលើកទី១ទេ ដែលរដ្ឋាភិបាល ប្រើកម្លាំងសមត្ថកិច្ច បង្ក្រាបលើពលរដ្ឋទន់ខ្សោយ និងសូមស្នើឲ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍បញ្ហានេះ។
មន្ត្រីម្នាក់បានឲ្យដឹងថា ការបង្ក្រាបនេះដោយសារ ក្រុមកម្មករទៅរំខាន ដល់កម្មករ ដែលកំពុងធ្វើការ ហើយភាគីក្រុមហ៊ុន ស្នើឲ្យសមត្ថកិច្ចជួយការពារ។ ដោយឡែក មន្ត្រីកងទ័ពឆ័ត្រយោង៩១១ ដែលដាក់យាមកាម នៅមុខរោងចក្រយ៉ាកជីង ដោយមានកាន់ដំបងឈើ និងមានមុខកាចៗ បានអះអាងថា កម្មករបានគប់ដកទឹកសុទ្ធ ដាក់កម្លាំងសមត្ថកិច្ចមុន និងប្រុងកម្ទេចទ្វាររោងចក្រ ទើបមានការបង្ក្រាបនេះ៕
Source from: watphnom-news.com