ប្រពន្ធទើបតែឆ្លងទន្លេបានជាង ២០ថ្ងៃ ត្រូវឡានឡុចស៊ីស បុកស្លាប់យ៉ាងវេទនា

ខេត្តកំពត ៖ រថយន្តឡុចស៊ីស បានបើកបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣និង៤០ នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ហើយដោយឃើញសភាពមិនស្រួល អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនដោយសុវត្ថិភាព។
រថយន្តបង្កម៉ាក ឡុចស៊ីស៣០០ ពាក់ស្លាកលេខ ភ្នំពេញ ២N-៦៨៧៥ ពណ៌ខ្មៅ បានបើកបរពីលិចមកកើត យ៉ាងល្បឿនលឿន បានជ្រុលទៅបុក ម៉ូតូជនរងគ្រោះ ដែលបើកពីកើតមកលិច លាន់ដូចរន្ទះហើយបុរសម្នាក់ បានខ្ទាតចេញពីម៉ូតូ ដេកផ្កាប់មុខហូរឈាមជោកខ្លួន និងបាក់ជើងទាំងសងខាង។ ជនរងគ្រោះមានឈ្មោះ គីម សុកហ៊ង ភេទប្រុស អាយុ ២៧ឆ្នាំ បើកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពីកើតមកលិចក្នុងទិសដៅបញ្ច្រាសគ្នា ជាមួយរថយន្ត។
រថយន្តបង្កទើបត្រលប់ មកពីដើលេងនៅភ្នំបូកគោ មិនដឹងជាហេតុអ្វី បានជាជ្រុលទៅបុកម៉ូតូ យ៉ាងពេញទំហឹង ហើយម្ចាស់បានដាក់មេប្រូច បាត់ស្រមោល។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកយកទៅប្រគល់ ឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លាប់នេះ ប្រពន្ធទើបឆ្លងទន្លេបានជាង ២០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ខានឃើញមុខកូន៕
Source from: watphnom-news.com