ស៊ីឈ្នួលកាន់ថ្នាំញៀន ពីភ្នំពេញទៅបាត់ដំបងឲ្យម៉ូយ ជាប់អន្ទាក់ប៉េអឹម ពេលកំពុងដោះដូរ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចអាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួនបុរស ៤ នាក់ កាលពីវេលាម៉ោង ១៩និង៣០ យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចសួននាគបាញ់ទឹក ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយដកហូតបាន ថ្នាំញៀនម៉ាទឹកកក ៩៩៩ក្រាម កាំភ្លើងខ្លី១ដើម ព្រមទាំងសំភារៈមួយចំនួនទៀត រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី។
លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ធី សុភ័ក្ត្រ អាយុ ២៩ឆ្នាំ ជាយោធាកងពលលេខ៦ រស់នៅផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ថុង គឹមលាង អាយុ ២១ឆ្នាំ ជាអ្នកកាន់ថ្នាំញៀន ស្នាក់នៅបណ្តោះអាសន្ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ សុខ ហេង អាយុ ៥០ឆ្នាំ ជាអ្នកទិញរស់ នៅភូមិឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ សារី ថាន់ អាយុ ៣៤ឆ្នាំ ជាអ្នកទិញរស់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានថ្នាំញៀន ប្រភេទម៉ាទឹកកក ១ថង់ធំ ស្មើទម្ងន់ ៩៩៩ក្រាម រថយន្តម៉ាកប៉ាជីរ៉ូ ១គ្រឿង កាំភ្លើងខ្លីម៉ាកឡុក ១ដើម គ្រាប់ចំនួន ១២គ្រាប់ កាតយោធា និងលិខិតបេសកកម្ម ១សន្លឹក និងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យឈ្មោះ ធី សុភ័ក្ត្រ បានអោយដឹងថា ខ្លួនបានស៊ីឈ្នួលកាន់ថ្នាំញៀន ពីភ្នំពេញមកបាត់ដំបង ដោយជួលរថយន្តគេ និងនាំប្អូនឈ្មោះ ថុង គឹមលាង មកលេងបាត់ដំបង។ ពេលមកដល់ត្រូវឈ្មោះ សុខ ហេង និងឈ្មោះ សារី ថាន់ ទូរស័ព្ទណាត់យកថ្នាំ ហើយពេលកំពុងដោះដូរ ក៏ត្រូវសមត្ថកិច្ច ឡោមព័ទ្ធឃាត់ខ្លួន បានតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com