ខឹងប្ដីបន្ទោសរឿងដើរលេង ផ្ទះអ្នកជិតខាងច្រើនពេក លេបថ្នាំប៉ងសម្លាប់ខ្លួនទាំងក្មេងខ្ចី

រាជធានីភ្នំពេញ ៖ ដោយសារខឹងប្ដី ស្ដីបន្ទោសបន្ដិចបន្ដួច រឿងដើរលេងផ្ទះអ្នកជិតខាង ភ្លេចការងារក្នុងគ្រួសារ ស្ត្រីម្នាក់បានលួចលេបថ្នាំ អស់ជាច្រើនគ្រាប់ បណ្ដាលឱ្យបែកពពុះមាត់សន្លប់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗកាលពីវេលា ម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ដ្រីរងគ្រោះមានឈ្មោះ ធា អាយុ ៣៤ឆ្នាំ មុខរបរមេផ្ទះ និងមានទីលំនៅ កន្លែងកើតហេតុខាងលើ ។ ស្វាមីស្ដ្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ បានឈ្លោះប្រកែកគ្នាបន្ដិចបន្ដួចសោះ ដោយក្នុងនោះ គាត់បានស្ដីបន្ទោស ឱ្យចេះរៀបចំផ្ទះ និងកុំដើរលេង ផ្ទះអ្នកជិតខាងច្រើនពេក ។
ក្រោយពីស្ដីបន្ទោសរួច បុរសជាប្តីបានចេញ ទៅក្រៅបាត់ រហូតដល់ម៉ោងខាងលើ ទើបត្រឡប់មកវិញ ហៅប្រពន្ធឱ្យរៀបបាយហូប តែរកមិនឃើញ ក៏ឡើងទៅបន្ទប់ដេក ស្រាប់តែឃើញប្រពន្ធ កំពុងដេកបែកពពុះមាត់ និងឃើញមានថ្នាំងុយដេក ៤-៥ គ្រាប់នៅក្បែរខ្លួន ក៏ប្រញាប់ប្រញាល់ដឹកទៅកាន់គ្លីនិកឯកជន ចោមចៅ តែដោយគ្រូពេទ្យប្រាប់ថា មានអាការៈធ្ងន់ធ្ងរ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈតែម្ដងទៅ៕
Source from: watphnom-news.com