អ្នកច្បាប់របស់រាជរដ្ឋាភិបាលបុរសខ្លាំងគឺតែងតាំងរដ្ឋមន្ត្រីមុនបង្កើតក្រសួងតាមរបៀប”កូនកើតមុនឪ ពតាដើរលេង”

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំងនៃកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខាតែងតាំងរដ្ឋមន្ត្រីចំនួន១រូប និងរដ្ឋលេខាធិការចំនួន៦រូបនៃក្រសួងមុខងារសាធារណៈ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ខណៈដែលមិនទាន់មានច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ និងត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមនៅឡើយ ។
លុះមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ទើបរដ្ឋសភាគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំលើកទី១ នីតិកាលទី៥ អនុម័តច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ព្រមទាំងព្រឹទ្ធសភាប្រជុំវិសាមញ្ញនីតិកាលទី៣ ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈដែលមាន៦មាត្រានេះ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ។ មានន័យថា តែងតាំងរដ្ឋមន្ត្រីមុន ទើបធ្វើច្បាប់បង្កើតក្រសួងមុខងារសាធារណៈ ដើម្បីដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាតាមក្រោយ ។
ដោយឡែក ទម្លាប់ពីមុនដូចគ្នានេះផងដែរ គឺយោងតាមលិខិតលេខ១០៩សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតសិទ្ធិប្រទានលេខ១០សប្រទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ ផ្តល់ដោយបុរសខ្លាំងជាប្រមុខរាជរដ្ឋាភិបាលនោះ ឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខានៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ ជួលទីតាំងបឹងកក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឋិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទំហំជាង១៣២ហិកតា រយៈពេល៩៩ឆ្នាំ មានតម្លៃឈ្នួលសរុបចំនួន៧៩.០០២.០០០ដុល្លារអាមេរិក ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន (SHUKAKU INC.) មានឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន ព្រមទាំងជាស្វាមីរបស់លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអនុប្រធានទី២កាកបាទក្រហមកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលនៅកម្ពុជា ។
អនុលោមតាមមាត្រា១៦ និងមាត្រា១៧នៃច្បាប់ភូមិបាល ដែលបានចែងថា "ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ ។…ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈច្បាប់អនុបយោគ ។…ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែក ឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ។…" គឺកិច្ចសន្យាជួលទីតាំងបឹងកក់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនទាន់ត្រូវធ្វើអនុបយោគតាមរយៈច្បាប់អនុបយោគ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ ចុះហត្ថលេខាដោយឯកឧត្តម កែប ជុតិមា និងឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ជាកិច្ចសន្យាខុសច្បាប់ទាំងស្រុង ។
ទំនងជាដឹងខ្លួនថា បានប្រព្រឹត្តខុសច្បាប់ដែរ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលរបស់បុរសខ្លាំងបានសម្រេចធ្វើអនុបយោគទីតាំងបឹងកក់មានផ្ទៃទំហំជាង១៣២ហិកតា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍតាមអនុក្រឹត្យលេខ១០៨អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ ។ មានន័យថា ចុះកិច្ចសន្យាជួលទីតាំងបឹងកក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរយៈពេល៩៩ឆ្នាំ ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីនរួចហើយ ទើបចេញអនុក្រឹត្យធ្វើអនុបយោគទីតាំងបឹងកក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមក្រោយ និងមិនតាមរយៈច្បាប់អនុបយោគថែមទៀត ។
ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មុនបង្កើតច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈនោះ គឺត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលមិនចាំបាច់ប្រញាប់តែងតាំងរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ដំណាលគ្នានឹងការតែងតាំងរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា មុនពេលមិនទាន់មានច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ នាំឲ្យខុសច្បាប់នោះទេ អាចរង់ចាំតាក់តែងច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈរួចហើយ សឹមតែងតាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតាមក្រោយ ឲ្យស្របតាមច្បាប់ក៏វាមិនហួសពេលដែរ ។ ប៉ុន្តែការមានះតែងតាំងរដ្ឋមន្ត្រីមុនបង្កើតក្រសួងបែបនេះ គឺអាចមកពីគណបក្សប្រជាជនកម្ពុជាមានបញ្ហានៅក្នុងផ្ទៃក្នុងរបស់ខ្លួន ដោយមន្ត្រីធំៗមិនសូវទុកចិត្តគ្នា ទាក់ទងនឹងការផ្គូផ្គងមុខតំណែងមន្ត្រីធំៗផង និងបង្ហាញនូវទម្លាប់ធ្វើការតាមទំនើងចិត្ត មិនខ្វល់ពីច្បាប់ ឬយកអនុសាសន៍ធំជាងច្បាប់របស់រាជរដ្ឋាភិបាលបុរសខ្លាំងផង ខណៈដែលក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រី មានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកររដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន មានតែចំនួនច្រើនគគោក ដូចពាក្យចាស់ពោលថា "គ្នាច្រើនអន្សមខ្លោច" ។
រួមសេចក្តីមក ដំណើរការរបស់រាជរដ្ឋាភិបាលបុរសខ្លាំងតែងតែធ្វើអ្វីប្លែកៗអ៊ីចឹងហើយ មិនខ្វល់ពីច្បាប់ទម្លាប់ មិនគិតថាសម ឬមិនសមរម្យអ្វីនោះទេ ឲ្យតែបានកាន់កាប់អំណាចទទួលបានផលប្រយោជន៍ សូម្បីតែរបៀប"កូនកើតមុនឪ ពតាដើរលេង" ក៏រាជរដ្ឋាភិបាលបុរសខ្លាំងដង្ហែដោយក្រុមមន្ត្រីអែបអប អាចធ្វើបានដែរ ស័ក្តិសមនឹងពាក្យថា បុរសខ្លាំងអាចច្នៃជើងមេឃឲ្យក្លាយជាជើងមុង ច្នៃជើងទុងឲ្យក្លាយជាជើងទា និងច្នៃមាត់ទ្វារឲ្យក្លាយជាមាត់បង្អួចបាន ៕
Source from: www.dtn7.com