ជិះម៉ូតូត្រឡប់មកពីយកបាយឲ្យកម្មករ ត្រូវឡានបុកអូសជាង ៨៥ម៉ែត្រ រងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ ស្ត្រីវ័យក្មេងម្នាក់ជិះម៉ូតូត្រឡប់ មកពីយកបាយឱ្យកម្មករ ត្រូវបានរថយន្តកូរ៉ូឡា បើកបុកម៉ូតូចំពីក្រោយ យ៉ាងពេញទំហឹង អូសជាង ៨៥ ម៉ែត្រ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៥៧ ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្តាលឱ្យ ស្ត្រីរងគ្រោះរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែករថយន្តបង្ក ត្រូវនគរបាលចាប់ឃាត់បានភ្លាមៗ ។
ស្ត្រីរងគ្រោះឈ្មោះ ហាក់ កល្យាណ អាយុ ២៣ឆ្នាំ មុខរបរដាំបាយឱ្យកម្មករ បើករថយន្តដឹកដីនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានស្រុកកំណើត នៅភូមិនុំក្រៀប ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ ខាយ ណាវី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
សាក្សីបានឱ្យដឹងថា មុនដំបូងគេបានឃើញ ម៉ូតូមួយគ្រឿង ម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-1948 ធ្វើដំណើរក្នុងទិសដៅ ពីកើតមកទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត កូរ៉ូឡាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-6195 បើកបរលើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងល្បឿនលឿន មិនប្រយ័ត្នទៅបុកគូទម៉ូតូ ស្ត្រីរងគ្រោះ បណ្តាលឱ្យអូសជាង៨០ម៉ែត្រ ។ រីឯស្ត្រីរងគ្រោះ ខ្ទាតដួលលើទ្រូងផ្លូវ ចេញពីម៉ូតូ ១៥ម៉ែត្រ រងរបួសធ្ងន់៕
Source from: watphnom-news.com