សមត្ថកិច្ចថ្នាក់ក្រោម ប្រមូលលុយបានរាប់លានរៀល ហើយថ្នាក់លើចាំតែចុះទៅបង្ក្រាប

ខេត្តបាត់ដំបង ៖ ប្រជានេសាទដែលកំពុងសកម្ម ក្នុងការប្រព្រឹត្តល្មើសច្បាប់ បានត្អូញត្អែរថា មន្ត្រីជលផល រួមទាំងសមត្ថកិច្ចពាក់ព័ន្ធដូចជា នគរបាល អាវុធហត្ថ បរិស្ថាន សហគមន៍ បានចុះទៅប្រមូលប្រាក់ពីពួកគាត់ ហើយអោយថ្នាក់ខេត្តទៅរុះរើកំទេចចោល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចសង្កាត់កោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមប្រភពពីអ្នកធ្លាប់ ប្រព្រឹត្តល្មើសនេសាទ បានអោយដឹងថា បណរ៉ាវយ៉ាងច្រើនស្កេកស្កះ ដាក់នៅក្នុងភូមិ អន្លង់តាអួរ ភូមិត្វាង និងភូមិកោះអញ្ចាញ ឋិតក្រោមការគ្រប់គ្រង របស់លោក ម៉ៅ ប៉េងលី នាយសង្កាត់ជលផល កោះជីវាំង ហើយអ្នកប្រព្រឹត្តល្មើស ត្រូវបង់ប្រាក់ ១ស្ថាប័នចាប់ពី ៥០ម៉ឺនរៀលរហូតដល់ ១លានរៀលក្នុង ១ខ្សែ ទើបអាចដាក់បាន។ ក្រោយពីដាក់បានមួយរយៈ ក៏មានថ្នាក់លើមកពីខេត្ត ចុះមកកាប់ចាំងរុះរើអស់ បណ្តាលអោយប្រជាពលរដ្ឋ មានការពិបាក ព្រោះម្តងយកប្រាក់ ម្តងចុះមកបង្ក្រាប។
លោក ម៉ៅ ប៉េងលី នាយសង្កាត់ជលផលកោះជីវាំង បានអោយដឹងតាមទូរស័ព្ទថា បទល្មើសនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន មិនមានឡើយ ដោយសារគាត់ បានដាក់ប្រអប់ខ្មៅ នៅតាមភូមិ ដើម្បីអោយប្រជាពលរដ្ឋ ជួយរាយការណ៍បន្ថែម ងាយចុះធ្វើការបង្ក្រាប ហើយប្រសិនថា សមត្ថកិច្ចណាយកប្រាក់ សូមប្រាប់អោយច្បាស់ តើសមត្ថកិច្ចមួយណា ព្រោះសមត្ថកិច្ច មានច្រើនស្ថាប័ន។
ពាក់ព័ន្ធករណីនេះលោក ជួង សុភា នាយខណ្ឌជលផល ខេត្តបាត់ដំបង បានអោយដឹងថា រឿងមន្ត្រីជលផលយកប្រាក់ គាត់មិនបានដឹងទេ ហើយរឿងចុះបង្ក្រាប គឺត្រូវតែធ្វើការបង្ក្រាប តែពេលខ្លះមន្ត្រីដែនដី នាំពង្វៀងគេចកន្លែងបទល្មើសក៏មាន ព្រោះយើងមិនអាចស្គាល់ ទីតាំងភូមិសាស្ត្រច្បាស់លាស់ ដូចអ្នកនៅមូលដ្ឋានទេ។ ពេលនេះលោកជាប់រវល់ ប្រជុំបូកសរុបការងារប្រចាំឆ្នាំ នៅភ្នំពេញ ហើយនឹងចុះធ្វើការបង្ក្រាប បទល្មើសខុសច្បាប់បន្តទៀត អោយដូចភ្លៀងរលឹម៕ ដោយ សុខជា
Source from: watphnom-news.com