ស្រវឹងជោកជាំជិះម៉ូតូលឿនដូចហោះ ទៅបុករថយន្តពីចំហៀង ដួលរងរបួសធ្ងន់តែម្នាក់ឯង

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុង ស្ថានភាពស្រវឹងជោកជាំ បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពីចំហៀង បណ្តាលឲ្យរងរបួសធ្ងន់ រីឯរថយន្តបានព្យាយាម បើកគេចបាត់ស្រមោល កាលពីវេលាម៉ោង ១២និង១០ នាទីយប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល ៤០ឆ្នាំ រស់នៅម្តុំវត្តស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១២ គ្មានស្លាកលេខ រីឯរថយន្តដែលម៉ូតូជនរងគ្រោះ បើកបុកនោះ ម៉ាកកាមរីបាឡែន ពណ៌ស្ក ពុំចាំស្លាកលេខ បើកបរក្នុងទិសដៅ ពីលិចទៅកើត។
លុះដល់ចំណុចកើតហេតុ ទំនងជារថយន្តបត់ចូលផ្ទះ រីឯម៉ូតូបើកបោះពួយស្របទិស ជាមួយរថយន្ត ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង មើលមិនទាន់ក៏ជ្រុលទៅបុក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ រីឯរថយន្តបានបើកគេចបាត់។ រថយន្តសង្គ្រោះ របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ៕
Source from: watphnom-news.com