ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤ត្រូវបានកំណត់សាជាថ្មីគឺ១០០ដុល្លារអាមេរិកក្នុង១ខែ ដោយមិនបាច់ប្រជុំ LAC

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៤ ដែលមុននេះត្រូវបានកំណត់ចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែ (ចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤) តាមស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ "LAC" កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣នោះ ឥឡូវនេះត្រូវបានកំណត់សាជាថ្មី គឺចំនួន១០០ដុល្លារអាមេរិកក្នុង១ខែ តាមស្មារតីប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី ហើយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤តទៅ ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ យោងតាមការលើកយោបល់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចំណារឯកភាពនៅថ្ងៃដដែល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ទាក់ទងនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឲ្យគោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តាមស្មារតីលិខិតលេខ២១០២ សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤ ស្មើនឹងចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែ) ។
រំលងពេលតែមួយថ្ងៃ ដោយមានចលនាបាតុកម្មយ៉ាងផុសផុលរបស់កម្មករ កម្មការិនីក្នុងការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែនោះ ទើបក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤ ស្មើនឹងចំនួន១០០ដុល្លារអាមេរិកក្នុង១ខែវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការងារ និងអនុក្រឹត្យរាជរដ្ឋាភិបាលលេខ៤៧អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ គឺការសិក្សានិងលើកយោបល់អំពីប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ត្រូវធ្វើឡើងតាមរយៈគណៈកម្មការប្រឹក្សាការងារ ប៉ុន្តែជាក់ស្តែងប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនោះ គឺមិនបានឆ្លងកាត់ការប្រជុំពិភាក្សារបស់គណៈកម្មការប្រឹក្សាការងារទេ ជាហេតុធ្វើឲ្យការអនុវត្តច្បាប់នៅកម្ពុជាមានភាពច្របូកច្របល់ស្រេចតែនឹងក្បាលចិត្តរបស់អ្នកមានអំណាច ដែលចូលចិត្តយករូបភាពនយោបាយមកឡូកឡំក្នុងការដោះស្រាយ ។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា បើគិតអត្រាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត តាមស្មារតីប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រីនោះ គឺមានន័យថា ចំណារចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់នាយករដ្ឋមន្ត្រីជាបុរសខ្លាំង និងស្មារតីលិខិតលេខ២១០២សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្លាយជាគ្មានន័យខ្លឹមសារត្រឹមរំលងរយៈពេលមួយថ្ងៃក្រោយប៉ុណ្ណោះ និងក៏បានបង្ហាញឲ្យឃើញថា ឯកឧត្តម អ៊ិត សំហេង ផ្តល់យោបល់ឲ្យបុរសខ្លាំងសម្រេចវង្វេងវង្វាន់ ឬយល់ខុសទៅលើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ៕
Source from: www.dtn7.com