លោក អង សុខិណោ បន្តយកកំណែទម្រង់ស៊ីជម្រៅទៅទ្រាប់អង្គុយហើយបិទភ្នែក ឲ្យទំនិញគេចពន្ធរបស់ឈ្មួញធំៗ ហូរចូលដោយធូររលូន

ខេត្តសៀមរាប ៖ តាមការណែនាំរបស់ អគ្គនាយកគយនិងរដ្ឋាករ ក្នុងកិច្ចប្រជុំបូកសរុបប្រាក់ចំណូលពន្ធប្រចាំខែ គឺមិនយោគយល់ជាដាច់ខាត ចំពោះមន្ត្រីគយ ដែលឃុបឃិតឲ្យមានការរត់ពន្ធទំនិញខុសច្បាប់ ការលួចបន្លំពន្ធតាមបច្ចេកទេស ក៏ដូចជាការយោគយល់ ចំពោះឈ្មួញដែលជាបក្ខពួក គ្រួសាររបស់ខ្លួន បង្កើតឲ្យមានការរកស៊ី នាំចូលទំនិញតាមបែបមិនស្មោះត្រង់ នាំឲ្យខាតបង់ចំណូលថវិកាជាតិ។ ដូច្នេះករណីលោក អង សុខិណោ ជាប្រធានការិយាល័យគយ ប្រចាំច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កំពុងក្លាយជាកម្មវត្ថុដ៏សំខាន់មួយ ដើម្បីសាកល្បងកំណែទម្រង់ស៊ីជម្រៅ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
អ្នកតាមដានកំណែទម្រង់គយ បានលើកឡើងថា សម្រាប់ការនាំចូលទំនិញ របស់ឈ្មួញធំៗអំឡុងពេលមានការរឹតបន្តឹង លើការប្រមូលពន្ធឲ្យបាន ១០០ភាគរយ ហាក់ដូចជាស្ថិតនៅក្នុង ភាពប្រយ័ត្នប្រយែងច្រើនជាងមុន ប្រសិនបើក្រុមឈ្មួញនិយាយត្រូវ ជាមួយគយប្រចាំច្រកព្រំដែន លើការលួចបន្លំពន្ធតាមបច្ចេកទេស ក៏ត្រូវតែនិយាយជាមួយ គយចល័តដើម្បីកុំឲ្យមានបញ្ហាបង្ក្រាបនៅតាមផ្លូវ។ ធ្វើបែបនេះដើម្បីភាពសុខស្រួលទាំងអស់គ្នា ព្រោះជាគោលការណ៍ប្រសិនបើ ជំនាញគយចល័តចាប់បានទំនិញទាំងឡាយណា ដែលនាំចូលពីច្រកព្រំដែនណាមួយ គឺប្រធានការិយាល័យគយ ប្រចាំច្រកនោះ ជាអ្នកទទួលខុសត្រូវ ដូច្នេះអំពើរត់ពន្ធទូរស័ព្ទទំនើបៗ ចូលតាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប ដែលគយចល័តនិងកងរាជអាវុធហត្ថស្រុកស្ទោង ធ្លាប់បង្ក្រាបបាន ២ករណី គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលលោក ប៉ែន ស៊ីម៉ន មិនត្រូវបន្តយោគយល់ ចំពោះលោក អង សុខិណោ ទៀតទេ។
មានការរំលឹកផងដែរថា ករណីទី១ គឺក្រុមឈ្មួញមានអំណាច បានប្រើប្រាស់រថយន្តរ៉ង់រ៉ូវែ ដឹកជញ្ជូនទូរស័ព្ទទំនើបៗ គេចពន្ធម៉ាកសាំស៊ុង ចំនួន ៤វ៉ាលីធំៗ បង្កប់ទូរស័ព្ទទំនើបមិនតិចជាង ៣ពាន់គ្រឿង ត្រូវបានកងរាជអាវុធហត្ថ ស្រុកស្ទោង ឃ្លាំមើលនិងបង្ក្រាបបានទាំងយប់។ ក្នុងហេតុការណ៍នោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ធ្លាប់បានកោះហៅលោក អង សុខិណោ និងអនុប្រធានរបស់គាត់ម្នាក់ ទៅសួរនាំផងដែរ ពីហេតុការណ៍ដែលឈ្មួញ អាចនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប ហើយកាលណោះ គេដឹងថា លោក អង សុខិណោ បានបំភ្លឺប្រាប់ថ្នាក់លើថា គាត់គ្មានវត្តមាននៅព្រលានយន្តហោះ ខេត្តសៀមរាប ខណៈដែលមានការនាំចូល ទូរស័ព្ទគេចពន្ធ ដែលគេចាត់ទុកថា ជាការបំភ្លឺដោយបំផ្លើសការពិត ប៉ុន្តែកាលណោះលោក អង សុខិណោ ត្រូវចំណាយលុយ ច្រើនសន្ធឹកសន្ធាប់ផងដែរ ទើបអាចរួចផុតពីការដាក់ពិន័យ ឬការដកហូតមុខតំណែង។
គេមើលឃើញថា លោក អង សុខិណោ ហាក់ដូចជាមិនកែទម្រង់ លើភាពអសកម្មរបស់ខ្លួន ឲ្យបានត្រឹមត្រូវឡើងវិញនោះទេ ដែលការកែទម្រង់នោះ សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា ជាការឆ្លុះកញ្ចក់មើល ឲ្យឃើញកំហុសខ្លួនឯង ហើយបន្តទៅងូតទឹក ដុសក្អែលឲ្យជ្រះកំហុសទាំងនោះ ដើម្បីកែប្រែខ្លួនឡើងវិញ ប៉ុន្តែសម្រាប់លោក អង សុខិណោ បែរជាយកកំណែទម្រង់ស៊ីជម្រៅ របស់សម្តេច ហ៊ុន សែន ទៅធ្វើជាល្បែងលេងសើច។ រឿងហេតុដែលជំនាញគយចល័ត ដឹកនាំដោយលោក រក្សា សិរី ឃាត់ចាប់រថយន្ត តាក់ស៊ីមួយគ្រឿង ដែលដឹកទូរស័ព្ទទំនើបៗគេចពន្ធ ចេញពីច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ គឺជាភស្តុតាងបង្ហាញថា លោក អង សុខិណោ នៅតែឃុបឃិតឲ្យឈ្មួញធំៗ រកស៊ីនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យដដែល។
ទូរស័ព្ទគេចពន្ធចំនួន ៥វ៉ាលីធំៗ ដែលមានបង្កប់ជាមួយ សម្លៀកបំពាក់សរុបជិត ៣០០គ្រឿង និងគ្រឿងបន្លាស់មួយចំនួនទៀត ត្រូវបាននាំចូលដោយ ស្ត្រីមេឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ អាណា ត្រូវជាភរិយារបស់ លោកឧត្តមសេនីយ៍ ឌួង ងៀប ជាអនុប្រធាននាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ហើយគេដឹងថាឈ្មោះ អាណា បានរកស៊ីនាំចូលទំនិញដែលបង់ពន្ធក្នុងតម្លៃខ្ពស់ តាមរបៀបលោតឆត្រឡើងដុះស្លែទៅហើយ តាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ដែលនៅទីនោះ មានមន្ត្រីនគរបាល ជាអ្នកជួយសម្របសម្រួល ហើយលោក អង សុខិណោ ចាំតែប្រមូលផលប្រយោជន៍តែប៉ុណ្ណោះ។ ក្រោយពេលបែកធ្លាយរឿងគយចល័ត បង្ក្រាបការដឹកជញ្ជូនទូរស័ព្ទទំនើបៗគេចពន្ធ ដែលនាំចូលតាមច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ គេនៅមិនទាន់ឃើញថ្នាក់លើ ចាត់វិធានការកោះហៅលោក អង សុខិណោ មកសួរនាំឬដាក់ពិន័យនៅឡើយទេ។
ក្រុមអ្នកតាមដានកំណែទម្រង់គយ បានទស្សន៍ទាយថា ថ្នាក់លើមិនអាចដាក់ពិន័យ ឬផ្លាស់ប្តូរមុខតំណែង របស់លោក អង សុខិណោ បានទេ ក៏ព្រោះតែលោក អង សុខិណោ បានត្រៀមស្ពាយលុយយកទៅបិទភ្នែកថ្នាក់លើ កុំឲ្យមើលឃើញកំហុសឆ្គងរបស់ខ្លួន ស្រដៀងទៅនឹងករណីមុនៗផងដែរ។ អាចបញ្ជាក់បានថា លោក អង សុខិណោ គឺជាជើងខ្លាំង ក្នុងការប្រមូលលុយ យកទៅអភិវឌ្ឍន៍មុខតំណែង ជាបន្តបន្ទាប់ តាំងពីកាន់ការងារជាប្រធានឃ្លាំង ប្រចាំច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតបានឡើងធ្វើជា ប្រធានការិយាល័យគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គឺលោក អង សុខិណោ មានឱកាសប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យបំផុត មិនដែលខ្វល់ពីការកែទម្រង់ ម្តងណាឡើយ៕
Source from: watphnom-news.com