ឡានពាក់ស្លាកលេខ ខ.ម បើកបុកម៉ូតូ ខ្ទាតជាច្រើនម៉ែត្ររងរបួសធ្ងន់ទាំង ២នាក់ឪពុកកូន

ខេត្ដកណ្ដាល ៖ បុរសម្នាក់បានរងរបួស បាក់ជើងទាំងសងខាង និងយុវជនជាកូន បានរងរបួសបាក់ជើងម្ខាង ត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះទាំង ២នាក់ ឪពុកកូនត្រូវបាន រថយន្ដបើកបុក ពេលកំពុងជិះម៉ូតូឌុបគ្នា នៅលើកំណាត់ផ្លូវ ជាតិលេខ៥ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ កាលពីវេលាម៉ោង ១២និង៤៥ នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផង់ សុន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាកម្មករ ផ្សារដែក រងរបួសបាក់ជើង ទាំងសងខាង ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A-2069 និងអ្នករួមដំណើរ មានឈ្មោះ សុន លីណា ភេទ ប្រុស អាយុ ២២ឆ្នាំ រងរបួសបាក់ជើងឆ្វេង ។ ជនរងគ្រោះទាំង ២នាក់ ត្រូវជាឪពុកកូន មានទីលំនៅក្នុង ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល ។
ចំណែកឯរថយន្ដបង្កហេតុ ម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២-២-៨២០១ បើកបរដោយឈ្មោះ សៀង សាវី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជា មន្ដ្រីយោធា មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ មុនពេលកើតហេតុ រថយន្ដបង្កបានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ឆ្លងផុតគំនូស ពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូ ចំពីមុខ ពេញមួយទំហឹង ធ្វើឱ្យម៉ូតូនិងជនរងគ្រោះ ខ្ទាតជាច្រើនម៉ែត្រ រងរបួសធ្ងន់តែម្តង៕
Source from: watphnom-news.com