ប្រើគ្រឿងចក្រជីកកាយឈើប្រណីត ដែលកប់ក្នុងរណ្តៅដីសម្បទាន ជិតមួយម៉ឺនកំណាត់

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល រួមសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ តាំងពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ រហូតមកទល់នឹង ថ្ងៃទី១៧ ខែកុម្ភៈ ចុះបង្ក្រាបទីតាំង ស្តុកឈើប្រណីត មួយកន្លែង ដែលត្រូវគេជីករណ្តៅ កប់ក្នុងដីជាច្រើនកន្លែង នៅក្នុងដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ីវហ្គេចអ៊ិនវេសមេន ខូអិល ធី ឌី ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៧៨A ចាស់ ស្ថិតក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
រហូតមកទល់នឹងថ្ងៃទី១៧នេះ ឈើប្រណីតទាំងនោះ កំពុងស្ថិតក្រោមការ ជីកគាស់កកាយ យកចេញពីក្នុងរណ្តៅ ដោយគ្រឿងចក្រ របស់សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើថ្នាក់កណ្តាល និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ។ ឈើប្រណីតទាំងនោះ មានពីរប្រភេទ គឺឈើធ្នង់ និងនាងនួន ហើយរហូតមកទល់ នឹងព្រឹកថ្ងៃទី ១៨ ខែកុម្ភះ មានឈើមួយចំនួនតូចប៉ុណ្ណោះ ដែលបានជីកយកចេញពីរណ្តៅដី ។
បើតាមសេចក្តីរាយការណ៍ ឈើទាំងនោះត្រូវគេ យកទៅជីកកប់ដី មានរហូតដល់ទៅ រាប់ពាន់កំណាត់ គឺសមត្ថកិច្ចរកឃើញ ចំនួន ៣រណ្តៅហើយ នឹងអាចមាន ជាច្រើនរណ្តៅទៀត ដែលនឹងបន្តធ្វើការជីកកកាយយក។ ហើយឈើទាំងនេះ ត្រូវគេជីកកប់ ទុកក្នុងដីនៅពេលយប់ ដោយប្រើឧបករណ៏គ្រឿងចក្រ ជីកកប់លប់ដី និងរុញដើមឈើធំៗ គ្រប់សង្កត់ពីលើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។ ក្រុមហ៊ុនស៊ីវហ្គេច អ៊ិនវេសមេន ខូអិលធីឌី ដែលកាប់ឈើប្រណីតដឹក យកមកកប់ដីលាក់ទុកបែបនេះ មិនដឹងជា មានច្បាប់អនុញ្ញាតិ ដែរឬយ៉ាងណានោះទេ៕
Source from: watphnom-news.com