អភិបាលក្រុង កោះហៅចៅសង្កាត់ប៉ោយប៉ែត ឲ្យលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើល

ក្រុងប៉ោយប៉ែត ៖ ប្រភពព័ត៌មានមួយ បានទម្លាយឲ្យដឹងថា លោក គង់ សុខ ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ប៉ោយប៉ែត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោត កាលពីឆ្នាំ២០១២ កន្លងទៅនេះ ត្រូវលោកអភិបាលក្រុង កោះហៅឲ្យ លាលែងពីតំណែង ដោយមិនបញ្ជាក់ពីមូលហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ លោក គង់ សុខ ចៅសង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា លោកពិតជាត្រូវបាន អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត កោះហៅឲ្យទៅជួប នៅសាលាក្រុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ គឺបានឲ្យលោក លាលែងពីតំណែង ជាចៅសង្កាត់ប៉ោយប៉ែត ប៉ុន្តែលោកមិនបានយល់ព្រម តាមការបង្ខំរបស់ លោក ង៉ោ ម៉េងជ្រូន ដែលជាមេបក្សក្រុង នោះឡើយ ពោលគឺលោក គង់ សុខ សុំពេលពិចារណា មួយរយៈសិន លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ លោកអភិបាលក្រុង បានកោះហៅលោក ម្តងទៀត ដោយនិយាយថា សុំឲ្យលោក គង់ សុខ ព្រមលាលែងពីឋានៈជាចៅសង្កាត់ ហើយបក្សប្រជាជនកម្ពុជា នឹងផ្តល់ជូនមុខងារថ្មី ធើ្វជាក្រុមប្រឹក្សាក្រុងវិញ។
មានការបញ្ជាក់ផងដែរថា លោក គង់ សុខ បានបដិសេធដដែល ហើយឆ្លើយតប ទៅ លោកអភិបាលក្រុងវិញថា ក្នុងនាមលោកជាចៅសង្កាត់ ដែលប្រជាពលរដ្ឋ បានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ហេតុអ្វីក៏ត្រូវលាលែង ពីចៅសង្កាត់ ដោយគ្មានមូលហេតុ ច្បាស់លាស់ដូច្នោះ ។ លោក គង់ សុខ បានបន្តទៀតថា បើនិយាយពីច្បាប់រដ្ឋបាលនោះ គឺលោក មិនត្រូវបានគេបង្ខំ ឲ្យលាលែងពីតំណែងនោះឡើយ ព្រោះលោកត្រូវបាន បោះឆ្នោត គាំទ្រដោយប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាបញ្ហារបស់បក្ស ដូច្នេះគឺស្រេចតែ បក្សចាត់តាំង ឲ្យលោកធើ្វអ្វី ក៏មិនប្រកែកដែរ ។
បើទោះជាយ៉ាងណាក្តី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ លោក គង់ សុខ បានអះអាងថា លោកនៅមិនទាន់ បានផ្តិតមេដៃសុំលាលែង នៅឡើយទេ ព្រោះសាលាក្រុងមានរវល់ ។ ជាមួយគ្នានេះដែរ លោក គង់ សុខ បានបង្ហើបថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានទូរស័ព្ទ ជម្រាបជូនលោក គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ អំពីការដកដំណែង របស់លោកនេះដែរ ហើយលោកអភិបាល បានប្រាប់លោកថា លោកពិតជាត្រូវបានថ្នាក់លើ បញ្ជាឲ្យដកតំណែងមែន។ ចំណែកលោក ង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ មិនអាចសុំការបំភ្លឺបានទេ ជុំវិញការដកតំណែងលោក គង់ សុខ សង្កាត់ប៉ោយប៉ែត ដែលប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រ មិនទាន់ផុតអាណត្តិនៅឡើយទេ៕
Source from: watphnom-news.com