មន្ត្រីប៉ូលីសឌុបប្រពន្ធទៅលក់ដូរ ត្រូវក្រុមចោរដេញតាមធាក់ផ្តួល ប្លន់យកម៉ូតូទៅបាត់

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមនិងប្រពន្ធកូន បានរងរបួសទាំង ៣ នាក់ ដោយសារតែក្រុមចោរ ២ នាក់ ជិះម៉ូតូមួយគ្រឿង ដេញតាមធាក់ផ្តួលប្លន់យកម៉ូតូ ពីជនរងគ្រោះ ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៤និង៤៥ នាទីទៀបភ្លឺថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ ក្រាលថ្មម៉ិច ខាងកើតវត្តតាំងក្រសាំងជើង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាម សុំ ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរជា នគរបាល នាយកដ្ឋានអង្គរក្ស បានរងរបួសរលាត់ដៃ រលាត់ជើង និងមានប្រពន្ធឈ្មោះ កែវ សាវឿន អាយុ ៤២ឆ្នាំ មានមុខរបរលក់ដូរ រងរបួសរលាត់ដៃ រលាត់ជើង និងមានកូនប្រុសម្នាក់ ឈ្មោះ សាម បុត្រ អាយុ ១៥ឆ្នាំ មានមុខរបរជាសិស្ស រងរបួសដោយបាក់ដៃ ខាងឆ្វេងម្ខាង រលាត់ជើង និងខ្លួនផងដែរ។ អ្នកទាំង ៣ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CG-2545 រស់នៅក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះបានបន្តថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿង ឌុបប្រពន្ធនិង កូន ទៅលក់ដូរនៅម្តុំ សាលាក្តីខ្មែរក្រហម លុះជិះចេញពីផ្ទះ មកដល់ម្តុំខាងកើត សាលាសង្កាត់ក្រាំងធ្នង់ ស្រាប់តែឃើញជនសង្ស័យ ២នាក់ ឈរនៅលើចិញ្ចើមផ្លូវ ក្បែរម៉ូតូមួយគ្រឿង លុះគាត់ជិះម៉ូតូ បានបន្តិច ស្រាប់តែឃើញជិះ តាមពីក្រោយយ៉ាងលឿន ហើយពេលនោះ គាត់ដឹងថា សភាពការណ៍មិនល្អ ក៏ ប្រឹងបន្ថែមល្បឿនជិះរត់ ស្រាប់តែជនសង្ស័យ បានជិះមកអែប រួចហើយក៏ធាក់ចំកង់ខាងមុខ បណ្តាលឲ្យដួលបោក ទៅនឹងចិញ្ចើមផ្លូវ។
ពេលនោះក្រុមចោរបានជិះហួស ភ្លាមៗនោះប្រពន្ធរបស់គាត់ បានស្ទុះទៅដកកូនសោរម៉ូតូ ហើយគេចខ្លួន ទៅពួនក្នុងគម្ពោធព្រៃបាត់ ក្រោយមកស្រាប់ តែក្រុមចោរ ត្រឡប់ម៉ូតូមកវិញ សំដៅមករកពួកគាត់ ក៏នាំគ្នារត់គេចខ្លួន ដោយលោតចូលក្នុងទឹក រីឯក្រុមចោរក៏បាន លើកម៉ូតូអូសបានបន្តិច ក៏ជិះចេញទៅបាត់។ ជនរងគ្រោះបានបន្តថា ពេលដែលពួកវា មកលើកម៉ូតូ ហើយមិនឃើញកូនសោរ គឺវាដើរសំដៅមករកគាត់ បំរុងវាយសម្លាប់។
បុរសរងគ្រោះបានបន្តទៀតថា ដោយសារតែគាត់ លោតចូលក្នុងទឹក ទើបពួកវាម្នាក់ នៅលើម៉ូតូស្រែកឲ្យ លើកម៉ូតូអូសចេញទៅ ទើបគាត់រួចខ្លួន កុំអីច្បាស់ជាក្រុមចោរ វាយទ្រោមខ្លួនជាមិនខាន។ ក្រោយមកគាត់ក៏បាន ទៅដាក់ពាក្យបណ្តឹង ឲ្យនគរបាលខណ្ឌ ជួយអន្តរាគមន៍ ស្វែងរកមុខសញ្ញាទាំងនេះ ដើម្បីឈានទៅ ឃាត់ខ្លួនយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕
Source from: watphnom-news.com