ចាប់ខ្លួនស្ត្រីដែលប្រចណ្ឌប្តី ហើយចាក់សាំងដុតផ្ទះបងថ្លៃ ឆេះស្លាប់ទារកអាយុ ១៥ខែ

ខេត្តព្រះសីហនុ ៖ ស្ត្រីជាឃាតកដែលបានយកសាំង ចាក់ដុតផ្ទះអ្នកដទៃ ដោយសារតែខឹងប្តីរបស់ខ្លួនដើរមិនចូលផ្ទះ បណ្តាលអោយឆេះស្លាប់ទារកអាយុ ១៥ខែម្នាក់ និងរងរបួសបុរសម្នាក់ កាលពីដើមខែធ្នូ ឆ្នាំ២០១៣ ហើយរត់គេចខ្លួននោះត្រូវបានសមត្ថកិច្ច នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញ និងចាប់ខ្លួនបាន នៅស្រុកឈូក ខេត្តកំពត ព្រមទាំងបានបញ្ជូនមកកាន់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត។
សមត្ថកិច្ចបានអោយដឹងថា រឿងហេតុនៃអំពើមនុស្សឃាត ដោយគ្រោងទុកនេះ បានកើតឡើងតាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៦ល្ងាច នៅផ្ទះឈ្មោះ សុខ តាល់ និងប្រពន្ធឈ្មោះ ថាវ គន្ធា ដែលត្រូវជាឪពុកម្តាយក្មេង ព្រមទាំងត្រូវជាបងថ្លៃ ស្ត្រីជាជនល្មើសនេះ តែម្តង ហើយប្តីរបស់ជនល្មើស មានឈ្មោះ ថាវ វិថី ត្រូវជាប្អូនប្រុស របស់អ្នកស្រី ថាវ គន្ធា នៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ។
រឿងហេតុដំបូង ស្ត្រីជាជនដៃដល់ឈ្មោះ ថៃ ស្រីរ៉ា បានមកតាមហៅប្តី និងឈ្លោះជេរបញ្ចោរប្តីនៅផ្ទះបងថ្លៃ មួយស្របក់ក្រោយមកឈ្មោះ ថៃ ស្រីរ៉ា បានមកម្តងទៀត ដោយកាន់ប្រេងសាំងដាក់ក្នុងដបទឹកសុទ្ធ មកចាក់ស្រោចលើពូក និងអង្រឹងដែលក្មេងប្រុសឈ្មោះ សុខ ចំរ៉ុង អាយុ ១៥ខែ កំពុងតែដេកនិងបុរសម្នាក់ ដែលអង្គុយក្បែរនោះឈ្មោះ អូន ចន ហើយយកដែកកេះ កេះដុតឆេះសន្ធោសន្ធៅ បង្កឲ្យមានការផ្អើលឆោឡោ ហើយឈ្មោះ ថៃ ស្រីរ៉ា បានគេចខ្លួនបាត់ស្រមោល ទើបតែស្រាវជ្រាវចាប់បាន នៅពេលនេះ៕
Source from: watphnom-news.com