អភ័ព្វខុសគេនាំកូនរត់ចោលប្តីដើម ហើយជួបប្តីចុងចិត្តអប្រិយ ប៉ងធ្វើឃាតទាំងម្តាយនិងកូន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ធ្លាក់ខ្លួនពិការភ្នែកម្ខាង ហើយអះអាងថា គាត់និងកូនស្រី ២នាក់ទៀត ត្រូវប្ដីចុងចិត្តអប្រិយ ដែលជាអតីតគ្រូពេទ្យ ប៉ងកាប់សម្លាប់កាលពីជិត ៨ខែមុន ស្ថិតនៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ហើយបានគេចខ្លួនបាត់ ដោយសុវត្ថិភាព ទើបតែបែកធ្លាយ នៅពេលជួបជាមួយអ្នកយកព័ត៌មាន និងបានសំណូមពរឱ្យជួយចុះផ្សាយរឿងរ៉ាវនេះផង ព្រោះគិតថាជាអំពើអយុត្តិធម៌ ។
ស្ត្រីរងគ្រោះមានឈ្មោះយឿន លីណា អាយុ ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ចំណែកប្ដីចុងចិត្តអប្រិយ មានឈ្មោះដល់ទៅ៣ គឺឈ្មោះ សាន សារ៉េត, ដួង សម្បត្តិ, សុខ ពៅ អាយុ ៥២ឆ្នាំ ជាអតីតគ្រូពេទ្យ ផ្នែកវះកាត់នៅមណ្ឌលសុខភាពម៉ាឡៃ និងមានទីលំនៅក្នុងភូមិជ្រោយស្ដៅ ឃុំបឹងព្រីង ស្រុកថ្មគោល។ ស្ត្រីរងគ្រោះបានឱ្យដឹងថា រវាងគាត់និងប្ដីនេះ បានគ្នាជាប្ដីប្រពន្ធ កាលពីឆ្នាំ២០០៣ ខណ:ដែលគាត់នាំកូនៗ រត់ចោលប្ដីមុន ដោយសារការ ប្រើអំពើហិង្សា ទ្រាំមិនបាន។
មុនដំបូងរូបគាត់និងកូនស្រីទី៣ កាលពីអាយុ ៦ឆ្នាំ មករស់នៅស្រុកម៉ាឡៃ ដោយរូបគាត់លក់ចាប់ហួយ ហើយនៅគ្រាមួយពេលព្រលប់ ប្ដីចុងរូបនេះបានទៅយក កូនស្រីរបស់គាត់ឱ្យមកដេកផ្ទះរបស់គេ ហើយទូរស័ព្ទថា អាណិតកូនស្រីតូចនេះ។ ស្ត្រីរងគ្រោះបានបន្តថា លុះគាត់ឈប់ពីលក់ដូរ ក៏ធ្វើដំណើទៅដល់ផ្ទះប្ដីចុងនេះ ប្រុងយកកូនស្រីត្រឡប់ទៅផ្ទះវិញ ក៏ត្រូវប្ដីចុង ចាប់ជាប់ មិនឱ្យចុះពីផ្ទះគេឡើយ ហើយនិយាយសុំស្រឡាញ់ និងរស់នៅជុំគ្នា ជារៀងរហូតមក និងបានគ្នាបង្កើតបានកូនស្រីម្នាក់ បច្ចុប្បន្នមានអាយុ ៤ឆ្នាំ ។
ស្ត្រីរងគ្រោះបានបន្តថា ហេតុការណ៍កើតហិង្សានោះ គឺកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រចូលព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ហើយក្រៅពីរូបគាត់ នៅមានកូនៗស្រី ប្ដីមុនរបស់គាត់ ២នាក់ ផ្សេងទៀត ត្រូវប្ដីចុងកាប់របួសផ្ទៃមុខ មួយពូថៅ និងកូនស្រីទី២អាយុ ១៣ឆ្នាំ កាប់ចំនួន ៤ពូថៅចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ៣នាក់ម្ដាយ និងកូន ។ អំពើហិង្សានេះ គឺបណ្ដាលមកពីភ្លើងប្រចណ្ឌ គឺប្ដីគាត់ហាមឃាត់មិនឱ្យគាត់ ទៅណាមកណា ឬទាក់ទងជាមួយនរណានោះទេ។
មិនតែប៉ុណ្ណោះ នៅយប់កើតហេតុ ប្តីអគតិរូបនោះបានសុំគាត់រួមរ័ក តែគាត់មិនព្រម ព្រោះគាត់មិនស្រួលខ្លួន បែរជាប្ដីកំហូចនោះនិយាយថា បើមិនឱ្យរួមដំណេក គេនឹងទៅដេកជាមួយកូនស្រីរបស់គាត់ ពេលនោះក៏កើតទៅជា រឿងរ៉ាវជម្លោះតែម្ដងទៅ ។ ក្រោយហេតុការណ៏កើតឡើង ប្តីអប្រិយរូបនោះ បានបើករថយន្តសង្គ្រោះ របស់មណ្ឌលសុខភាពម៉ាឡៃ ទៅទុកចោលនៅក្រុងប៉ោយប៉ែត ហើយបានគេចខ្លួនបាត់ រហូតមកទល់បច្ចុប្បន្ន ។
ស្ត្រីរងគ្រោះនិងកូនៗ ក្រោយពីរងរបួស ត្រូវបានគេបញ្ជូន ពីមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយ ពីស្រុកម៉ាឡៃដល់ប៉ោយប៉ែត បន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី និងចុងក្រោយ ត្រូវបានបញ្ជូនបន្ត ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ នៅឯខេត្តបាត់ដំបង។ អ្វីដែលស្ត្រីរងគ្រោះ និយាយថា ជាអំពើអយុត្តិធម៌នោះ ព្រោះក្រោយកើតហេតុ រឿងរ៉ាវហាក់កប់បាត់ឈឹង គ្មានដំណោះស្រាយអ្វីសោះ ហើយពេលគាត់ជជីកសួរ ទៅសមត្ថកិច្ច បែរជាឆ្លើយដាក់គ្នា និងនិយាយថា បាត់ឯកសារទៀតផង៕
Source from: watphnom-news.com