ក្រុមហ៊ុន ទីខ្មូត មានទំនាក់ទំនងអាថ៌កំបាំង ជាមួយជំនាញគយ អាចជួយរត់ការបញ្ចុះតម្លៃបង់ពន្ធនាំចូលទំនិញ បង្កព្យុះភ្លៀងតាមតែអំពើចិត្ត

រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន ធ្លាប់បានរិះគន់មន្ត្រីគយមួយចំនួន ដែលជាមេគំនិតបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំដោយបង់ពន្ធមិនគ្រប់ ឬនាំចូលទំនិញខុសច្បាប់ មិនដែលខ្វល់ខ្វាយពីការខាតបង់ចំណូលថវិកាជាតិនោះទេ ថែមទាំងបានយកអង្គភាពគយនិងរដ្ឋាករ ធ្វើជាគំរូមុនគេ សម្រាប់កំណែទម្រង់ស៊ីជម្រៅ លើការប្រមូលពន្ធនាំចូលឲ្យបាន ១០០ភាគរយ ហើយមួយរយៈកន្លងមកនេះ ឃើញថា មានការកើនឡើងនូវប្រាក់ចំណូលពន្ធ ប៉ុន្តែរូបភាពនៃការនាំចូល ទំនិញបង់ពន្ធមិនគ្រប់ នៅតែកើតមានដដែលមិនទាន់អាចលុបបំបាត់ បានទាំងស្រុងនៅឡើយទេ ជាពិសេសក្រុមហ៊ុន ទីខ្មូត ជាអ្នកទទួលរត់ការបង់ពន្ធគយ បច្ចុប្បន្ននេះនៅតែមានសិទ្ធិអំណាច ក្នុងការបង្កព្យុះភ្លៀងតាមតែអំពើចិត្ត ក៏ព្រោះតែក្រុមហ៊ុន ទីខ្មូត មានទំនាក់ទំនងល្អ និងអាថ៌កំបាំងជាមួយមេគយធំៗ។
ក្រុមឈ្មួញរកស៊ីស្របច្បាប់មួយចំនួន បានលើកឡើងថា ការនាំចូលទំនិញបង់ពន្ធ ១០០ភាគរយ ទៅតាមកំណែទម្រង់ស៊ីជម្រៅ គឺមិនអាចរកប្រាក់ចំណេញបានទេ ក៏ព្រោះតែការនាំចូលទំនិញគ្រប់ប្រភេទ ត្រូវបង់ពន្ធនាំចូល ១០០ភាគរយ ត្រូវបង់ពន្ធលើមុខទំនិញពិសេស គិតទៅតាមភាគរយ និងពន្ធអាករស្អីគេនោះ មិនតិចជាង ៣០ភាគរយ ហើយពេលដឹកជញ្ជូន ពីច្រកព្រំដែនទម្រាំដល់ឃ្លាំងឬហាងលក់ចែកចាយ ត្រូវជាប់កាតព្វកិច្ចបង់លុយ ឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញ តាមដងផ្លូវ ជាច្រើនកន្លែង។ អាចបញ្ជាក់បានថា ក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញបង់ពន្ធត្រឹមត្រូវ ទៅតាមកំណត់ច្បាប់ បន្តិចទៀតច្បាស់ជាដួលរលំអស់ហើយ មិនអាចឈរជើងបានយូរទៀតទេ ដូច្នេះហើយបានជាក្រុមឈ្មួញមួយចំនួន បានងាកទៅទំនាក់ទំនងជាមួយក្រុមហ៊ុន ទីខ្មូត ឲ្យជួយសម្របសម្រួល ក្នុងការរត់ការបង់ពន្ធគយ ដើម្បីចំណេញលុយមួយចំនួនយកមកទុក ចាយវាយបង់សេវាឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវ។
បើតាមក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ដែលប្រជុំគ្នាតាមតុកាហ្វេ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការនាំចូលទំនិញ ដែលផលិតនៅស្រុកចិន ឬស្រុកយួន ជាពិសេសគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ត្រូវបានក្រុមហ៊ុន ទីខ្មូត ប៉ាវផ្តាច់ក្នុងការរត់ការបង់ពន្ធគយ មកពីគ្រប់ច្រកទាំងអស់។ មានការបញ្ជាក់ផងដែរថា នៅពេលនាំទំនិញមកដល់ច្រកណាមួយ ទាំងផ្លូវទឹកនិងផ្លូវគោក ក្រុមឈ្មួញគ្រាន់តែទំនាក់ទំនង ប្រាប់ទៅកាន់ក្រុមហ៊ុន ទីខ្មូត ឲ្យជួយរត់ការ សម្របសម្រួលបង់ពន្ធគយ គឺក្រុមហ៊ុននេះ នឹងសាកសួរពីប្រទេសជាម្ចាស់ដើមនៃទំនិញ រួមជាមួយបរិមាណ ដើម្បីវាយតម្លៃពន្ធជាក់ស្តែង ដែលត្រូវបង់ឲ្យជំនាញគយ ហើយក្រុមហ៊ុន ទីខ្មូត នឹងប្រាប់ពីតម្លៃពិសេស ដែលត្រូវបង់ឲ្យពួកគេជួយរត់ការ ដែលយ៉ាងហោចណាស់ត្រូវចំណាយ ត្រឹមពាក់កណ្តាលប៉ុណ្ណោះ បើប្រៀបធៀបជាមួយតម្លៃបង់ពន្ធ ១០០ភាគរយ។
សម្រាប់ក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ និងមន្ត្រីជំនាញ ដែលចាំប្រមូលចំណូលពន្ធ មិនពិបាកយល់នោះទេ ព្រោះគេមានបច្ចេកទេស ក្នុងការសម្របសម្រួលបន្ធូរបន្ថយ ការបង់ពន្ធ មិនខ្វល់ពីការខាតបង់ ចំណូលថវិកាជាតិនោះទេ ហើយបង្កាន់ដៃបង់ពន្ធមួយចំនួនទៀត ក៏មានភាពមិនប្រក្រតី។ រំលឹកដល់ស្ថានភាពដ៏ស្មុគស្មាញ នៃបែបបទនាំចូលទំនិញ ដោយបង់ពន្ធមិនគ្រប់ ដែលក្រុមហ៊ុន ទីខ្មូត កំពុងតែអនុវត្តន៍សព្វថ្ងៃនេះ វាជារឿងពុករលួយក្រោមតុ តាមបច្ចេកទេស របស់ជំនាញគយ ដែលកំពុងតែយកតួនាទីរបស់ខ្លួន ទៅប្រមូលលុយពីការហូរចូលទំនិញគ្រប់ប្រភេទ មិនដែលខ្វល់ពីការកែទម្រង់អ្វីនោះទេ ក្នុងមួយខែៗមន្ត្រីគយពុករលួយមួយចំនួន មើលតែខ្ទង់ផែនការ គឺខំប្រមូលពន្ធ មិនឲ្យក្រោមផែនការពេក មិនឲ្យលើសផែនការពេក គឺគ្មាននរណាហ៊ានដេញដោលទេ។
មានការលើកជាឧទាហរណ៍ជាក់ស្តែង មកពន្យល់ថា ឈ្មួញម្នាក់នាំចូលសាប៊ូកក់សក់ ដែលមានតម្លៃខ្ពស់ ក្នុងមួយកុងតឺន័រ បើគិតពីតម្លៃពន្ធជាក់ស្តែង ១០០ភាគរយ គឺត្រូវបង់ពន្ធចាប់ពី ៣ម៉ឺន ទៅ៤ ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបើក្រុមឈ្មួញ ទៅពឹងអាស្រ័យឲ្យក្រុមហ៊ុន ទីខ្មូត ជួយរត់ការបង់ពន្ធគយ គឺត្រូវចំណាយប្រមាណ ១ម៉ឺន៥ពាន់ដុល្លារ ប៉ុណ្ណោះ មានការបន្ធូរបន្ថយតម្លៃបង់ពន្ធ ដល់ទៅពាក់កណ្តាល។ តាមពិតទៅ បារ៉ែមនៃការកំណត់តម្លៃពន្ធ មិនមានអ្វីប្រែប្រួលទេ ប៉ុន្តែរឿងដែលក្រុមហ៊ុន ទីខ្មូត អាចរត់ការបង់ពន្ធគយក្នុងតម្លៃទាប ដ៏មិនគួរឲ្យជឿបែបនេះ ក៏ព្រោះតែគេមានជំនាញ ក្នុងការលួចបន្លំពន្ធ និងមានទំនាក់ទំនងអាថ៌កំបាំង ជាមួយមេគយធំៗ ដែលមានតួនាទី វាយតម្លៃពន្ធ ដូចជាប្រភេទសាប៊ូកក់សក់ដែលត្រូវបង់ពន្ធខ្ពស់ បើពិនិត្យលើការបង់ពន្ធជាក់ស្តែង គេក្លែងភេទទំនិញទៅជាប្រភេទសាប៊ូលាងចាន ស្អីគេនោះទៅវិញ។
ប្រភពមួយចំនួនទៀត បានបង្ហើបឲ្យដឹងថា សម្រាប់ប្រភេទទំនិញថ្លៃៗ ផលិតនៅស្រុកចិន ឬស្រុកយួន សឹងថាក្រុមឈ្មួញបានពឹងអាស្រ័យ ឲ្យក្រុមហ៊ុន ទីខ្មូត ប៉ាវផ្តាច់ជួយរត់ការបង់ពន្ធគយ ដែលក្នុងមួយកុងតឺន័រ ក្រុមហ៊ុន ទីខ្មូត អាចរត់ការបញ្ចុះតម្លៃ បង់ពន្ធត្រឹម ៣ពាន់ទៅ៤ ពាន់ដុល្លារ អាមេរិកប៉ុណ្ណោះ ដោយមានជំនាញគយ ជាអ្នកសម្របសម្រួល លួចបន្លំពន្ធតាមបច្ចេកទេស។ គេមិនច្បាស់ថា តើក្រុមហ៊ុន ទីខ្មូត ជារបស់នរណាឲ្យប្រាកដនោះទេ គ្រាន់តែដឹងថាក្រុមហ៊ុន ទីខ្មូត មានទំនាក់ទំនងជិតដិតបំផុត ជាមួយឈ្មោះ ទីប៉េអឹម ដូច្នេះអគ្គនាយកគយនិងរដ្ឋាករ រួមទាំងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរតែស្រាវជ្រាវពីករណីនេះ ឡើងវិញជាបន្ទាន់ ព្រោះគេជឿថា បើអាចបំបែកអំពើពុករលួយ ដែលកើតឡើងដោយសារតែ ការឃុបឃិតរវាងមន្ត្រីគយធំៗ និងក្រុមហ៊ុន ទីខ្មូតច្បាស់ជាអាចបង្កើន ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕
Source from: watphnom-news.com