បើកម៉ូតូជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗ ហើយរបួសធ្ងន់ខ្លួនឯង

ខេត្តកណ្តាល ៖ បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះម៉ូតូទៅបុក ជាមួយអ្នកថ្មើរជើង កាលពីវេលាម៉ោង ២១និង៤០ នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ លើកំណាត់ផ្លូវបេតុងស្ថិតក្នុងភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឌិន សាខន ហៅគ្រាក់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល បានដើរឆ្លងផ្លូវបេតុង ហើយត្រូវបាន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-6694 បើកបុកយ៉ាងពេញទំហឹង ហើយអ្នកបើកម៉ូតូ មានឈ្មោះ វ៉ាន់ ហាច ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងរបួសធ្ងន់។
នៅមុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូ តាមបណ្តោយ ផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ ចំណុចកើតហេតុ ក៏បានជ្រុលចង្កូត បុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យមនុស្សនិងម៉ូតូ ដួលបោកទៅលើផ្លូវបេតុង រហូតធ្វើឲ្យបុរសអ្នកថ្មើជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅ ប្រទេសវៀតណាម៕
Source from: watphnom-news.com