ផ្ទុះអាវុធមួយប្រាវដោយសារកម្លាំងសមត្ថកិច្ចអាវុធហត្ថបង្ក្រាបមុខសញ្ញាចោរប្លន់នៅកណ្តាលរាជធានីភ្នំពេញ

នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មានសំឡេងផ្ទុះអាវុធមួយប្រាវឋិតនៅចំណុចផ្ទះគ្មានលេខ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនមែនជាសំឡេងផ្ទុះដោយសារករណីចោរប្លន់ប្រដាប់អាវុធនោះទេ គឺជាសំឡេងផ្ទុះអាវុធក្នុងហេតុការណ៍កងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់តបតក្នុងបេសកកម្មបង្ក្រាបមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធតាមដីកាចាប់ខ្លួនរបស់តុលាការ ។
ក្នុងហេតុការណ៍ផ្ទុះអាវុធពេលចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនេះ កងកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវបានធ្វើការព័ទ្ធ និងចាប់ខ្លួនជនល្មើសដែលបាញ់តដៃជាមួយសមត្ថកិច្ចបានចំនួន៣នាក់ និងបានបាញ់ឲ្យរបួសជនសង្ស័យម្នាក់ឲ្យរងរបួសត្រង់ជើង ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនល្មើសមួយក្រុមនេះគឺជាមុខសញ្ញាប្លន់យ៉ាងសកម្ម ហើយមានដីកាចាប់ខ្លួនពីតុលាការផងដែរ ទើបក្រុមកម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវឈានរហូតដល់ការបង្ក្រាប ប៉ុន្តែជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច នាំឲ្យសមត្ថកិច្ចបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន ក៏បានបាញ់តបតវិញ បណ្តាលឲ្យត្រូវមេខ្លោងម្នាក់បាក់ជើង ។
ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនេះ សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដកហូតទោចក្រយានយន្តម៉ាកHonda C125 ចំនួន២គ្រឿង និងអាវុធខ្លីម៉ាក K54 ចំនួន១ដើម រួចហើយបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com