គ្រាន់តែរឿងមើលមុខគ្នា តាមកាប់បុរសម្នាក់របួសធ្ងន់ ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បង្ហាញមុខក្នុងករណី ប្រើអំពើហិង្សាចេតនា ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចបរិវេណកាស៊ីណូស្តាវិហ្កាស ឬកាស៊ីណូ ផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ អៀម វិបុល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ -ក្រុង ប៉ោយប៉ែត រងរបួសត្រង់ដៃ ខាងស្តាំ។
លោកវរសេនីយ៍ត្រី ហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីបានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ និងយោងតាមបញ្ជា ពីមេបញ្ជាកាខេត្ត លោកបានបញ្ជាកម្លាំង ឲ្យចុះស្រាវជ្រាវទាំងយប់ រហូតដល់រសៀលម៉ោង ៣និង១០ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ទើបកម្លាំងជំនាញ ឃាត់ជនសង្ស័យបាន ២នាក់ នៅចំណុចហើតហេតុ។ ជនសង្ស័យរួមមានឈ្មោះ រឿន សារុន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២សង្កាត់-ក្រុង ប៉ោយប៉ែតនិងឈ្មោះ មិន សាគីរីម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១សង្កាត់-ក្រុង ប៉ោយប៉ែត។
លោកមេបញ្ជាការបានបន្តថា ក្រោយពេលបានឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតទៅកាប់ ជនរងគ្រោះពិតមែន ដោយមានបក្ខពួក ចំនួន ៣នាក់ ព្រោះតែជនរងគ្រោះ បានមើលមុខទើបនាំគ្នា ដេញកាប់តែម្តងទៅ។ លោក វរសេនីយ៍ត្រី ហម ម៉ុត បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណំរឿង ជនសង្ស័យទាំង ២នាក់ បញ្ជូនទៅកាន់ ទីបញ្ជាការខេត្ត ចំណែកជនសង្ស័យម្នាក់ទៀត លោកនឹងឲ្យកម្លាំងស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ចិន្តា
Source from: watphnom-news.com