ស្រវឹងជោកជាំបើកឡានកុងតឺន័រ បុករះកង់ម៉ូតូនិងបង្គោលភ្លើង ស្លាប់ម្នាក់របួសធ្ងន់ ២នាក់

រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្ត កុងតឺន័រមួយគ្រឿង មានអាការស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករះអ្នកជិះម៉ូតូ និងបង្គោលភ្លើងជាបន្តបន្ទាប់ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់-ស្រាល ២នាក់ ហើយខូចខាតម៉ូតូ ២គ្រឿងនិងកង់១គ្រឿងទៀត កាលពីវេលាម៉ោង ៤និង២០ នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចំណុចភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ ឈួន វិឆ័យ អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ត្រូវបានប៉ូលិស ឃាត់ខ្លួនភ្លាមៗ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ ចំណែកជនជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ស៊ឹម មករា ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅ ក្នុងភូមិដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយជនរងគ្រោះ ២នាក់ទៀត មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានឈប់ស្ងៀមបន្តិច រួចហើយបើករ៉ីយែរថយក្រោយវិញ ក៏បុកអ្នកជិះម៉ូតូម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូន ទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ បន្ទាប់ពីបើកបុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ហើយនោះ រថយន្តបង្កបានព្យាយាម បើករត់គេចខ្លួនយ៉ាងលឿន ទៅដល់ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង បានបុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្ត្រីអ្នកជិះកង់ម្នាក់ទៀត រងរបួសស្រាល និងជ្រុលទៅបុកបង្គោលភ្លើង៕
Source from: watphnom-news.com