ធ្លាយរឿងអាស្រូវប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពតស៊ីឈ្មោះមន្ត្រីខ្មោចនិងប្រព្រឹត្តអំពើពុករលួយ

មន្ត្រីរាជការដែលបម្រើការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពត បានទម្លាយឲ្យធ្លាយចេញនូវរឿងអាស្រូវពុករលួយ និងរក្សាទុកស៊ីឈ្មោះមន្ត្រីខ្មោចរាប់ឆ្នាំរបស់លោក អ៊ុក ភារុណ ជាប្រធានមន្ទីរដុះស្លែដូចខាងក្រោម ៖
១-រក្សាទុកឈ្មោះមន្ត្រីខ្មោចម្នាក់ឈ្មោះ លាប់ ចេស្តា តាំងពីអង្គភាព CMAC បានបង្កើតដំបូងទល់សព្វថ្ងៃ ពីព្រោះឈ្មោះ លាប់ ចេស្តា បានចូលបម្រើការងារនៅអង្គការ CMAC រួចទៅហើយ ដោយមិនចូលបម្រើការងារក្នុងមន្ទីរទេ ខណៈដែលប្រាក់បៀវត្សរ៍របស់ឈ្មោះ លាប់ ចេស្តា ត្រូវបានលោកប្រធានមន្ទីរ អ៊ុក ភារុណ បើកយករហូត ។ នៅពេលមានការត្រួតពិនិត្យមន្ត្រីរាជការម្តងៗ លោកប្រធានមន្ទីរ អ៊ុក ភារុណ តែងទូរស័ព្ទហៅលោក លាប់ ចេស្តា ឲ្យមកបង្ហាញវត្តមានជានិច្ច ដើម្បីបិទបាំងកំហុស ។
២-ស៊ីប្រាក់បៀវត្សរ៍របស់អនុប្រធានមន្ទីរម្នាក់ឈ្មោះ ណុប ប៉ុណ្ណារ៉េត ដោយលោកអនុប្រធានមន្ទីររូបនេះបានចូលបម្រើការងារជាប្រធានសាខាក្រុមហ៊ុនទូរស័ព្ទ Camintel ខេត្តកំពតបាត់ទៅហើយ ។
៣-កិបកេងលើការចំណាយសម្រាប់ការងាររដ្ឋបាលនៅក្នុងមន្ទីរទាំងមូល ដូចជា លុយបេសកកម្ម, លុយសម្រាប់ទិញសម្ភារៈបរិក្ខារផ្សេងៗ ដែលថវិកាជំពូកនេះក្នុងមួយឆ្នាំៗ គឺរដ្ឋបានផ្តល់ឲ្យចំនួន៨លើក ដោយក្នុងមួយលើកៗ លោកប្រធានមន្ទីរ អ៊ុក ភារុណ អាចកិបកេងប្រាក់បានចំនួនប្រមាណ ២.៥០០.០០០រៀល ទៅ៣.០០០.០០០រៀល ។
៤-កិបកេងប្រាក់លើគម្រោងក្រាលឥដ្ឋការ៉ូឡា និងគម្រោងថែទាំជុំវិញមន្ទីរអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំ២០១១កន្លងមក រដ្ឋបានផ្តល់ថវិកាចំនួន៥០លានរៀល និងក្នុងឆ្នាំ២០១២-២០១៣ រដ្ឋបានផ្តល់ថវិកាក្នុងមួយឆ្នាំៗចំនួន៤៧លានរៀល ។
៥-ប្រមូលចំណូលលើការជួលទីធ្លាជុំវិញរបងមន្ទីរឲ្យទៅក្រុមអាជីវករលក់ដូរចំនួន១០នាក់ ហើយបើកដៃឲ្យក្រុមអាជីវករទាំងនោះប្រើប្រាស់ទឹក-ភ្លើងរបស់មន្ទីរ និងយកសម្ភារៈមកទុកដាក់ក្នុងបរិវេណមន្ទីរថែមទៀត ប៉ុន្តែចំណូលបានមកពីការជួលនេះ ត្រូវបានលោកប្រធានមន្ទីរ អ៊ុក ភារុណ ច្បាមយកតែម្នាក់ឯង ។
ក្រុមមន្ត្រីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយសារការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ ធ្វើឲ្យលោកប្រធានមន្ទីររូបនេះអាចរកផលប្រយោជន៍ លាភសក្ការៈបានយ៉ាងតិចចំនួនប្រមាណ៤លានរៀលក្នុងមួយខែៗ ខណៈដែលអំពើពុករលួយដុះស្លែជិត២០ឆ្នាំដូច្នេះ ត្រូវបានលោក អ៊ុក ភារុណ កាយកប់ត្រឡប់ជាន់ និងលាក់បាំងរហូតមកទល់សព្វថ្ងៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែក្រុមមន្ត្រីអធិការកិច្ច និងក្រុមមន្ត្រីសវនកម្ម ក៏ពិបាករកឃើញដែរ លើកលែងតែមន្ត្រីក្នុងមន្ទីរផ្ទាល់ ទើបអាចដឹងបាន ។
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពត បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទើបកាន់តំណែងថ្មី មេត្តាបើកការស៊ើបអង្កេត និងមានវិធានការទៅលើសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ ផង ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយកែទម្រង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោក អ៊ុក ភារុណ ប្រធានមន្ទីរប្រៃសណិយ៍និងទូរគមនាគមន៍ខេត្តកំពត ដែលមន្ត្រីរាជការក្រោមឱវាទចោទប្រកាន់ថា ស៊ីឈ្មោះមន្ត្រីខ្មោច និងប្រព្រឹត្តអំពើពុករលួយនោះ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បាននៅឡើយ ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ពីព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕
Source from: www.dtn7.com