ព្រោះតែប្រាក់ខែតិចចាយមិនគ្រាន់ ទើបមុខក្រាស់នាំគ្នាតម្រង់ជួរ ចាំទទួលអាំងប៉ាវ

រាជធានីភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ច រាប់រយពាន់នាក់ បានឡោមព័ទ្ធ និងសម្រុកចូលផ្ទះ លោកឧកញ៉ា ផាត់ ប៊ុន មានទីតាំងនៅតាម បណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល អស់អ្នកដំណើរ និងប្រជាពលរដ្ឋ នៅតំបន់នោះ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដោយនឹកស្មានថា មានបទល្មើស អ្វីមួយកើតឡើង។
មួយសន្ទុះក្រោយមកទើបដឹងថា កងកម្លាំងរាប់រយនាក់នោះ នាំគ្នាតម្រង់ជួរ ចាំទទួលយក អាំងប៉ាវ ពីលោកឧកញ៉ា ផាត់ ប៊ុន ។ កម្លាំងទាំងនោះ មកពីស្ថាប័ន ប៉េអឹម នគរបាល, យោធា, កងសន្តិសុខ និងកម្លាំងស៊ីវិល មួយចំនួនទៀត បានចុះទៅកាន់ផ្ទះ លោកឧកញ៉ា ផាត់ ប៊ុន ដែលតែងតែធ្វើទាន ដាក់លុយ ជាអាំងប៉ាវ ឲ្យកងកម្លាំងទូទៅ និងប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ។
សកម្មភាពនេះ នាំឲ្យមានការរិះគន់ យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ ព្រោះមើលទៅ ហាក់ដូចជា ខ្វះភាពថ្លៃថ្នូរ។ មានការកត់សម្គាល់ថា រៀងរាល់ឆ្នាំ ឲ្យតែជិតដល់ថ្ងៃ ចូលឆ្នាំប្រពៃណីចិន គេតែងសង្កេតឃើញ នគរបាលប៉ុស្តិ៍ នៅរាជធានីភ្នំពេញ ឬទីប្រជុំជននានា តែងតែសរសេរលិខិត ស្នើសុំជំនួយផ្សេងៗ ពីម្ចាស់សិប្បកម្ម អាជីវកម្ម ឬក្រុមហ៊ុននានា។
ទង្វើរបស់នគរបាល ទាំងអស់នោះ ត្រូវមតិនានារិះគន់ថា មិនសមរម្យ ឬក៏មិនគួរ មានឡើយ។ តាមពិត នគរបាលទាំងអស់នោះ មិនចង់ធ្វើបែបនេះទេ ព្រោះទង្វើរបៀបនេះ ប្រៀបដូចអ្នកសុំទាន តែដោយហេតុប្រាក់ខែតិច ចាយមិនគ្រាន់ ទើបមុខក្រាស់ ហ៊ានធ្វើបែបនេះ។ ដូច្នេះសូមបងៗ សមត្ថកិច្ចពិចារណា ពីបញ្ហានេះឡើងវិញផង ដែលយ៉ាងណាស់ គួរតែដោះឯកសណ្ឋាន ពេលទៅយកអាំងប៉ាវ៕
Source from: watphnom-news.com