ក្រុមចោរប្រើកាំភ្លើងអាកា តាមបាញ់ប្លន់អ្នកលក់មាសនៅផ្សារព្រែកតាមាក់ ដល់មុខផ្ទះ

ខេត្តកណ្ដាល ៖ ចោរប្លន់មួយក្រុមជិះម៉ូតូ ៣ គ្រឿង ប្រដាប់ដោយកាំភ្លើងអាកា៤៧ បានធ្វើសកម្មភាពបាញ់ជាង ១០ គ្រាប់ ប្លន់យកគ្រឿងអលង្កា អស់ជាង ៤០ដំឡឹង និងលុយកាក់មួយចំនួនធំ ពីអាជីវករលក់មាស នៅឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បណ្ដាលឱ្យអាជីវករ២នាក់ ជាបងប្អូនថ្លៃរងរបួសធ្ងន់ និងស្ដ្រីអ៊ុតសក់ម្នាក់ទៀត រងរបួសស្រាល កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីប្លន់ប្រដាប់អាវុធនេះ បណ្ដាលឱ្យរងរបួស ៣នាក់ បង្កឡើងដោយជនសង្ស័យ មានគ្នាចំនួន ៤នាក់ ហើយក្រោយពេល បាញ់ជាច្រើនគ្រាប់ និងប្លន់យកគ្រឿងអលង្កា មាសជាង ២០ដំឡឹង បា្លទីនជាង ២០ដំឡឹង លុយកាក់អស់ មួយចំនួនធំរួចមក ក្រុមចោរប្លន់ទាំងនេះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ជនរងគ្រោះទាំង ៣នាក់ រួមមាន ទី១ ឈ្មោះ ខឿ ស្រឿន អាយុ ៤១ឆ្នាំ ជាអ្នកលក់មាស និងដូរលុយ នៅផ្សារព្រែកតាមាក់ និងទី២ ជាប្អូនថ្លៃ ឈ្មោះ ឡាង ណារិន អាយុ ២៧ឆ្នាំ និងជនរងគ្រោះទី៣ ឈ្មោះ ប៉ោ សុគន្ធារី អាយុ ២៧ឆ្នាំ មុខរបរជាជាងអ៊ុតសក់ ហើយជនរងគ្រោះទាំង ៣នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
ជនរងគ្រោះទាំង ៣នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែស្ដ្រីអ៊ុតសក់បានចេញពីមន្ទីរពេទ្យហើយ ដោយរងរបួសស្រាល។ សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមចោរប្លន់ មានកាំភ្លើងអាកា ២ដើម និងកាំភ្លើងខ្លី ១ដើម ហើយបានធ្វើសកម្មភាព បាញ់ទៅ លើជនរងគ្រោះនៅមុខផ្ទះ ខណៈដែលជនរងគ្រោះ បានធ្វើដំណើរត្រឡប់ មកពីផ្សារវិញ ហើយយកគ្រឿងអលង្ការ និងលុយទាំងនោះចូលក្នុងផ្ទះ ៕
Source from: watphnom-news.com