ខឹងគេចំអកនិងស្រែកឡូឡា រំខានអារម្មណ៍ពេលផឹកស៊ី យកដងពូថៅវាយបែកក្បាល

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលខឹងក្រុមអ្នកផឹកស៊ី ស្រែកឡូឡាចំអករំខាន ដល់ការផឹកស៊ីរបស់ខ្លួន បានយកដងពូថៅវាយបុរសម្នាក់ទៀត បណ្តាលអោយបែកក្បាល ហើយគេចខ្លួនមួយរយៈ បញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤។ ជនសង្ស័យត្រូវបាននគរបាល ស្រុកឯកភ្នំ ឃាត់ខ្លួនកាលពីម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នៅផ្ទះជនសង្ស័យ ក្រុមទី២៤ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក សម សុផុន នាយផ្នែកព្រហ្មទ័ណ្ឌកំរិតស្រាល បានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វុធ រ៉ូត ហៅតង អាយុ ១៩ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិកើតហេតុ ដកហូតបានវត្ថុតាងមួយចំនួន មានដំបងឈើ ប្រវែងកន្លះម៉ែត្រ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌឹម សំកុល អាយុ ៣៦ឆ្នាំ រងរបួសក្បាល មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នាជនសង្ស័យ។ ហេតុការណ៍បង្កជម្លោះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង២១ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្រុមទី២៤ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ វុធ រ៉ូត ហៅតង បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានឈរផឹកស្រាក្បែរក្លោងទ្វារវត្តសំរោងស្នោរ ពេលនោះមានមនុស្សមួយក្រុម មានគ្នា ៤ទៅ៥ នាក់ផឹកស្រានៅក្នុងផ្ទះជិតកន្លែងខ្លួនឈរ ហើយបានស្រែឡូឡាចំអក រំខានដល់ការផឹកស៊ីរបស់ខ្លួន។ដោយខ្លួនស្គាល់សំឡេងឈ្មោះ សៀង ហៃ ជាអ្នកស្រែកឡូឡារ បន្ទាប់មកខ្លួនក៏ដើរទៅយកដងពូថៅពីផ្ទះ សំដៅមកក្រោយផ្ទះឈ្មោះ ទុំ សុធា ស្រែកហៅបបួលចេញមកវាយគ្នា តែឈ្មោះ សៀង ហៃ មិនចេញពីកន្លែងផឹកមកទេ។ បន្ទាប់មកឈ្មោះ សំកុល បានចេញពីផ្ទះមកសំឡុតខ្លួន មិនអោយស្រែកឡូឡារ ព្រមទាំងវាយមកលើខ្លួន។
ដោយស៊ូទ្រាំមិនបាន ខ្លួនក៏យកដងពូថៅ ដែលកាន់នៅនឹងដៃ វាយតបវិញមិនដឹងត្រូវត្រង់ណាទេ ហើយរត់គេចទៅសម្ងំនៅផ្ទះ ចែនឿន និងលាក់ដងពូថៅទុក រហូតយប់ស្ងាត់ទើបទៅដេកនៅផ្ទះ។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ខ្លួនបានចេញពីផ្ទះ ទៅយកដងពូថៅពីផ្ទះ ចែនឿន ត្រឡប់មកទុកនៅផ្ទះវិញ បានមួយសន្ទុះ ក៏ត្រូវនគរបាលទៅឃាត់ខ្លួនតែម្តង។ លោក សម សុផុន បានបញ្ជាក់ថា យោងតាមស្នាមរបួសជនរងគ្រោះ និងវត្ថុតាងដំបងដងពូថៅ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង ពីបទហិង្សាចេតនាមានអាវុធ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត៕ ដោយ សុខជា
Source from: watphnom-news.com