តាំងពីលោក ពុធ សុខា ទៅធ្វើជាមេគយចល័ត ប្រចាំផ្លូវជាតិលេខ៧ មិនទាន់ឃើញបង្ហាញស្នាដៃបង្ក្រាប ឡានដឹកទំនិញបង់ពន្ធមិនគ្រប់

ខេត្តកំពង់ចាម ៖ សកម្មភាពដឹកជញ្ជូនទំនិញ បង់ពន្ធមិនគ្រប់ មកពីច្រកព្រំដែន ជាប់ស្រុកយួនរបស់ឈ្មួញធំៗ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារតែមន្ត្រីគយ ជាអ្នកមានភារកិច្ចប្រមូលពន្ធជូនរដ្ឋ មិនមានភាពស្មោះត្រង់ ក្នុងការអនុវត្តន៍តួនាទី ជំនាញរបស់ខ្លួនឲ្យស្របតាម ការកែទម្រង់ស៊ីជម្រៅ លើការប្រមូលពន្ធឲ្យបាន ១០០ភាគរយ ហើយជំនាញគយចល័ត អគ្គនាយកដ្ឋាន របស់លោក ពុធ សុខា ដែលចុះទៅប្រចាំការ នៅខេត្តកំពង់ចាម មានស្នាក់ការធំ នៅចំណុចថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ កំពុងតែសុខស្រួលក្នុងការ ប្រមូលលុយពីទំនិញបង់ពន្ធមិនគ្រប់ ដែលដឹកជញ្ជូនមួយថ្ងៃៗ រាប់រយរថយន្ត មិនដែលខ្វល់ខ្វាយ ពីការបង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើម្តងណាឡើយ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញតូចតាច បានខឹងសម្បាចំពោះ ជំនាញគយចល័តក្រោមបញ្ជារបស់លោក ពុធ សុខា ដែលកោសរូសបង្ខំ ឲ្យពួកគេបង់លុយថ្លៃក្បាលឡាន ថ្លៃបាយទឹក រួមទាំងជជីកដេញដោល សុំពិនិត្យឯកសារ រាល់ការដឹកជញ្ជូនទំនិញ គ្មានការយោគយល់នោះទេ ហើយការបង់លុយ ជូនជំនាញគយចល័ត របស់លោក ពុធ សុខា មិនមានលិខិតស្នាមឬវិក្កយបត្រនោះទេ អាចចាត់ទុកជាការបង់លុយក្រៅផ្លូវការ និងជាអំពើពុករលួយ ផ្គើនទៅនឹងការកែទម្រង់ស៊ីជម្រៅ។ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ មួយចំនួនទៀតបានលើកឡើងថា ទោះជាពួកគាត់ដឹកទំនិញ បន្តិចបន្តួចបង់ពន្ធត្រឹមត្រូវ ១០០ភាគរយ មកពីចំណុចព្រំដែន ក៏ជាប់កាតព្វកិច្ច បង់លុយថ្លៃបាយ ឲ្យជំនាញគយចល័ត របស់លោក ពុធ សុខា នោះដែរ បើមិនបង់ទេ ត្រូវកូនចៅរបស់លោក ពុធ សុខា តាមប្រដេញ ចាប់យកទៅផាកពិន័យ ។
ឈ្មួញមួយចំនួនទៀត ក៏បានបញ្ជាក់ផងដែរថា មិនត្រឹមតែការ ដឹកជញ្ជូនទំនិញនោះទេ សូម្បីតែការដឹកកសិផល ឆ្លងកាត់ប៉ុស្តិ៍គយចល័ត ក៏ត្រូវឈប់ចូលបង់លុយ ចាប់ពី ៤ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល ហើយការបង់លុយ នោះទៀតសោត ធ្វើទៅតាមអារម្មណ៍ របស់ជំនាញគយ បើគេសប្បាយចិត្ត គឺមានការយោគយល់ បង់លុយប៉ុន្មានគេយកប៉ុណ្ណោះ ប៉ុន្តែពេលខ្លះត្រូវបង់ទៅតាមការទាមទារ មិនអាចតថ្លៃបានទេ។ ការដឹកជញ្ជូនជ្រូក មាន់ ទា មួយចំនួនដែលប្រជាពលរដ្ឋ ប្រមូលទិញតាមភូមិ យកមកខេត្តកំពង់ចាម ដើម្បីកាប់សាច់លក់ចែកចាយ ក៏ត្រូវគយចល័តរបស់លោក ពុធ សុខា តាមមើលមុខ ហៅឲ្យចូលបង់លុយថ្លៃក្បាលឡាន ដោយលើកឡើងថា ជ្រូក ឬ មាន់ទាំងនោះនាំចូល ពីស្រុកយួនតាមច្រករបៀង ដែលជំនាញគយក៏មានសិទ្ធិចូលរួមបង្ក្រាប ការដឹកជញ្ជូនមាន់ ជ្រូក ទាំងនេះផងដែរ។
ក្រុមអ្នករកស៊ីតូចតាច ក៏បានលើកឡើងផងដែរថា ចំណុចប៉ុស្តិ៍ជជុះ នៅថ្នល់ទទឹងដែលមានកូនចៅ របស់លោក ពុធ សុខា ប្រចាំការទាំងយប់ទាំងថ្ងៃ មិនបានដាក់បារាស់ក៏ពិតមែន ប៉ុន្តែទីតាំងនោះ មិនដែលមាននរណា ហ៊ានបើករថយន្តហួស ដោយមិនចូលបង់លុយ ឬមិនចុះទៅរៀបរាប់ ប្រាប់ជំនាញគយនោះទេ ព្រោះអាចនឹងត្រូវគេប្រដេញរថយន្ត តាមចាប់យកទៅពិន័យទ្វេមួយជា ៣ឯណោះ នាំឲ្យខាតឡុងចុងជាមិនខាន។ ជាធម្មតាឈ្មួញតូចតាច រងនូវការកោសរូសពី ជំនាញគយចល័តរបស់លោក ពុធ សុខា ហើយជារឿយៗ ពួកគេបានទូរស័ព្ទប្រាប់ឲ្យក្រុមអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីឲ្យមេគយចល័តធំ បានដឹងពីសកម្មភាពមិនប្រក្រតី របស់គយចល័ត ក្រោមបញ្ជារបស់លោក ពុធ សុខា សំដៅឲ្យមានការកែទម្រង់ ទៅតាមការណែនាំរបស់ថ្នាក់លើ។
សម្រាប់ឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូនទំនិញ បង់ពន្ធមិនគ្រប់ តាមរថយន្តខ្សែដូចជា មេឈ្មួញ ហាក់ ម៉ៅ, ស៊ុន ហួរ, យាយញាប់ជាដើម គេមិនដែលឃើញ ជំនាញគយរបស់លោក ពុធ សុខា កោសរូសនោះទេ ព្រោះគេមានម៉ូរួចហើយ ដូចជាករណីរថយន្តខ្សែ ដឹកទំនិញរបស់ឈ្មួញធំៗ បើកឆ្លងកាត់ប៉ុស្តិ៍របស់ពួកគេ មានមន្ត្រីគយចាំរាប់ចំនួនឡាន ទុកទូទាត់ជាមួយថៅកែធំៗដោយផ្ទាល់ មិនហ៊ានរំខាននោះទេ បើទោះបីជារថយន្ត ដឹកទំនិញមួយយីឌុប ត្រូវបង់ពន្ធតែ ៣លានរៀល ក៏ជំនាញគយចល័ត របស់លោក ពុធ សុខា មិនខ្វល់។ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺចាប់តាំងពីលោក ពុធ សុខា ទៅធ្វើជាមេគយចល័ត ប្រចាំផ្លូវជាតិលេខ៧ មិនទាន់បានបង្ហាញស្នាដៃ ក្នុងការបង្ក្រាប ឡានដឹកទំនិញដ៏គគ្រឹកគគ្រេង របស់ឈ្មួញធំៗ យកទៅបង្អួតថ្នាក់លើម្តងណាឡើយ គឺសម្ងំយកតែសុខ ក្នុងការប្រមូលលុយច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន៕
Source from: watphnom-news.com