ទើបតែខ្ចីលុយពីធនាគារមកទុកក្រោមខ្នើយបាន ២ យប់ ត្រូវចោរប្លន់អស់ ១១ ម៉ឺនបាត
ខេត្តប៉ៃលិន៖បុរសចំណាស់២នាក់ប្តីប្រពន្ធត្រូវចោរប្រដាប់អាវុធមួយក្រុមប្លន់យកលុយអស់ចំនួន១១ម៉ឺនបាត ខេត្តប៉ៃលិន ៖ បុរសចំណាស់ ២នាក់ប្តីប្រពន្ធ ត្រូវចោរប្រដាប់អាវុធមួយក្រុម ប្លន់យកលុយអស់ចំនួន ១១ ម៉ឺនបាត ដែលទើបតែខ្ចីពីធនាគារ បានតែ ២ យប់ ប៉ុណ្ណោះ សម្រាប់ទិញពូជដំណាំនិងជួលគេភ្ជួរដី កាលពីចុងសប្ដាហ៏កន្លងទៅ នៅចំណុចចម្ការមួយកន្លែង ស្ថិតនៅក្នុង ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនមានសមត្ថកិច្ចណាមួយ ទៅអន្តរាគមន៍ ទាន់ពេលវេលានោះទេ។
ជនរងគ្រោះមានឈ្មោះ នេត សំអន ហៅតាចក់ អាយុ ៦២ឆ្នាំ និងប្រពន្ធឈ្មោះ ជា សូណៃ អាយុ ៦១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា គាត់មានកូន ៤នាក់ តែពួកគេទៅរកស៊ីឆ្ងាយៗ អស់ហើយ។ សព្វថ្ងៃនៅតែ ២នាក់តាយាយ ប្រកបរបរធ្វើចម្ការ ដាំពោត និងដាំដំឡូងមី។ ប៉ុន្មានថ្ងៃនេះគាត់ទើប លក់ដំឡូងបាន តែត្រូវសងគេអស់ហើយ ទើបពួកគាត់ទៅខ្ចីលុយ ពីធនាគារដើម្បីយកលុយ មកទិញពូជ និងជួលគេភ្ជួរដីដាំបន្ត។
តែទើបយកលុយមកទុកបាន ២យប់ ក៏ត្រូវក្រុមចោរមានគ្នា ៣នាក់ ចូលមកភ្ជង់គាត់ សួររកលុយ ចំណែក ២នាក់ទៀត រុះរើរឥវ៉ាន់និងសម្ភារៈ ក៏ប្រទះឃើញលុយបាត ទុកក្រោមខ្នើយ ហើយក៏យកដើរចេញ ទៅបាត់តែម្តង។ ក្រុមចោរទាំងនោះ សុទ្ធតែពាក់ម៉ាស់ និងមានអាយុប្រហែលជា ៣០ឆ្នាំ។ បន្ទាប់ពីក្រុមចោរចេញផុត គាត់បានទូរស័ព្ទ ទៅប្រាប់មេភូមិ ពេលនោះមេភូមិហៅសមត្ថកិច្ចមកជួយអន្តរាគមន៍ បានត្រឹមតែមកធ្វើ កំណត់ហេតុប៉ុណ្ណោះ៕
Source from: watphnom-news.com