ឈរចាំយកលុយអាប់ ត្រូវមួយដបសាំងដែលកំពុងឆាបឆេះ រលាកពេញខ្លួននិងផ្ទៃមុខ

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវអ្នកលក់ចាប់ហួយ គប់ត្រូវមួយដបសាំង ដែលកំពុងឆាបឆេះ យ៉ាងសន្ធោរសន្ធៅ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រលាករលួយពេញខ្លួន និងផ្ទៃមុខ កាលពីវេលាម៉ោង ៧និង១០ នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នៅក្នុងភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខណៈដែលជនរងគ្រោះ កំពុងឈរចាំអាប់លុយ ពេលទិញនំចំណី។
ស្ត្រីឈ្មោះ គង់ ផល្លី អាយុ ៤៥ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បាននិយាយឲ្យដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះ មែ វិច្ឆិកា អាយុ ១៨ឆ្នាំ នៅលីវ ពេលត្រឡប់មកពីធ្វើការអស់កម្លាំង ក៏ដើរទៅទិញនំនៅផ្ទះ លក់ចាប់ហួយ របស់ឈ្មោះ ស៊ន រម្យ អាយុ ២៧ឆ្នាំ។ ពេលទៅដល់កូនប្រុសគាត់ បានទិញនំ ៤កញ្ចប់ថ្លៃ ២ពាន់រៀល និងបានហុចលុយក្រដាស ៥ពាន់រៀល ទៅឲ្យឈ្មោះ ស៊ន រម្យ ជាម្ចាស់ផ្ទះអាប់។ ប៉ុន្តែម្ចាស់ផ្ទះ មិនទាន់អាប់លុយឲ្យភ្លាមៗទេ ដោយគេឲ្យចាំបន្តិចសិន ហើយឈ្មោះ ស៊ន រម្យ ជាម្ចាស់ផ្ទះបានឆ្លៀតទៅយកដបសាំង ច្រឡំថាជាដបប្រេងកាត យកមកចាក់ចង្កៀងប្រេងកាត បណ្តាលឲ្យឆាបឆេះ។
ពេលនោះម្ចាស់ផ្ទះ បានភ័យស្លន់ស្លោរ ក៏គ្រវែងដបសាំងទៅក្រៅ ចំកូនប្រុសគាត់ ដែលកំពុងឈរចាំ យកលុយអាប់ បណ្តាលឲ្យឆាបឆេះ រលាកពេញខ្លួន និងពេញផ្ទៃមុខ។ ភ្លាមៗ នោះអ្នកជិតខាង បានស្ទុះយកទឹកស្រោចពន្លត់ និងយកទឹកកកស្អំ រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់។ យ៉ាងណាក៏ដោយ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា គ្មានអ្នកណាប្តឹងផ្តល់ ឬរាយការណ៍ពីករណីនេះទេ ត្រូវរងចាំធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយ ជូនជនរងគ្រោះ៕
Source from: watphnom-news.com