សាំយ៉ុងបើកបុកម៉ូតូទាំងកំរោលស្លាប់ ៣នាក់ ហើយប៉ូលីសជួយជនបង្កឲ្យរត់គេចខ្លួន

ខេត្ដព្រះវិហារ ៖ រថយន្ដសាំយ៉ុង ១២ កៅអី បានបើកបុកជាមួយ ម៉ូតូហុងដាសេ១២៥ បណ្ដាលឱ្យមនុស្ស ៣ នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងរងរបួសធ្ងន់ម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្ដព្រះវិហារ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវេលាម៉ោង ៤និង២០ នាទី នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦២ ក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ។
សាក្សីបានឱ្យដឹងថា រថយន្ដសាំយ៉ុង ពណ៌សំបកឪឡឹក កំពុងធ្វើដំណើរដឹកភ្ញៀវ ពីប្រាសាទព្រះវិហារ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំនុចកើតហេតុ ក៏បុកជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ ១A-៥៨៩០ បើកស្របទិសគ្នា ហើយរថយន្ដបានបុកម៉ូតូពីក្រោយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ឈ្មោះ ភោគ ម៉ាប់ ខ្ទាតទៅចិញ្ចើម ផ្លូវរបួសធ្ងន់។ ស្របពេលជាមួយគ្នានោះ រថយន្ដបានរេចង្កូត មកខាងឆ្វេង ទៅបុកម៉ូតូមួយគ្រឿងទៀត ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។
ជនរងគ្រោះដែលស្លាប់ទាំង ៣នាក់ រួមមានឈ្មោះ សុខ ណន ភេទស្រី អាយុ ២៩ឆ្នាំ ឈ្មោះ ម៉ុក ឡែម អាយុ ៣០ឆ្នាំ និងកុមារាឈ្មោះ ធុង ធិ ភេទប្រុសអាយុ ៦ឆ្នាំ ជាកូនរបស់ឈ្មោះ ម៉ុក ឡែម អ្នកស្លាប់ទាំង ៣នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១C-៨២៨៥ មានទីលំនៅជាមួយគ្នា ក្នុងភូមិក្បាលខ្លា ឃុំត្បែង១ ស្រុកសង្គមថ្មី ។ រីឯអ្នកបើកបររថយន្ដ ឈ្មោះ ថេន សុវ៉េង អាយុ ២៩ឆ្នាំ ជាជនបង្កត្រូវបានសមត្ថកិច្ច ជួយសម្របសម្រួល ឲ្យរត់គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com