គយចល័តរបស់លោក ពុធ សុខា ដាក់ប៉ុស្តិ៍ជជុះចាំរាប់ក្បាលឡាន ដឹកទំនិញបង់ពន្ធមិនគ្រប់ ប្រមូលលុយបង់ជូនមេ ល្បីពេញខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះជំនាញគយចល័ត របស់អគ្គនាយកដ្ឋាន ក្រោមបញ្ជារបស់លោក កើត សុធារ៉ា កំពុងតែដាក់ប៉ុស្តិ៍ជជុះ យ៉ាងគគ្រឹកគគ្រេងនៅចំណុចថ្នល់ទទឹងក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មិនឆ្ងាយប៉ុន្មានពីទីតាំងនៃប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលប្រចាំការ តាមផ្លូវជាតិលេខ៧ បានធ្វើសកម្មភាព រាប់ក្បាលឡានដឹកទំនិញ ឬឡានដឹកឈើ យកលុយតាមតែអំពើចិត្ត មិនខ្វល់ពីការកែទម្រង់អ្វីនោះទេ។ ហើយគេមិនដឹងថា តើប្រាក់ដែលបានមក ពីការរាប់ក្បាលឡានយកលុយ ត្រូវលោក ពុធ សុខា ជាប្រធានក្រុមប៉ុស្តិ៍ជជុះ នៅចំណុចថ្នល់ទទឹង យកទៅបង់ជូនថ្នាក់ណាខ្លះទេ ប៉ុន្តែរូបភាពដែលលោក ពុធ សុខា បានប្រព្រឹត្តផ្គើនទៅនឹង គោលការណ៍កែទម្រង់ស៊ីជម្រៅ ដល់ទៅ ១៨០ អង្សារឯណោះ។
ទីតាំងប៉ុស្តិ៍ជជុះ របស់គយចល័ត អគ្គនាយកដ្ឋាន នៅចំណុចថ្នល់ទទឹង ដែលគ្រប់គ្រងដោយលោក ពុធ សុខា នោះគឺជាចំណុចត្រូវប៉ាន់ ប្រមូលលុយបានសន្ធឹកសន្ធា ប់ក្នុងមួយថ្ងៃៗ តាមរយៈការរាប់ក្បាលឡានយកលុយ នេះមិនទាន់គិតដល់ ការត្រួតពិនិត្យរកឃើញ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ នៅឡើយទេ។ រថយន្តដឹកទំនិញគ្រប់ប្រភេទ មកពីស្រុកយួន ចូលតាមច្រក ត្រពាំងស្រែ-វ៉ាលឺ ច្រកដូង៧ដើម ច្រកត្រពាំងផ្លុង ច្រកដូនរ័ត្ន និងច្រករបៀងផ្សេងៗ ភាគច្រើនជាទំនិញ បង់ពន្ធមិនគ្រប់ របស់ក្រុមឈ្មួញធំៗ ហើយនៅពេលមន្ត្រីគយ នៅច្រកព្រំដែនបិទភ្នែក ឲ្យទំនិញបង់ពន្ធមិនគ្រប់ ហូរចូលត្រូវតែរាយការណ៍ ជូនលោក ពុធ សុខា បើមិនដូច្នេះទេ ត្រូវក្រុមគយចល័តរបស់លោក ពុធ សុខា ឆែកឆេរឃើញទំនិញមិនប្រក្រតី នឹងមានបញ្ហាដល់មន្ត្រីគយ តាមច្រកទាំងនោះ។
សូម្បីតែការដឹកជញ្ជូនឈើខុសច្បាប់ មកពីគ្រប់ទិសទី ដូចជាក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ ឡើងតាមស្ពានព្រែកក្តាម ចេញទៅស្រុកយួនតាមខេត្តកំពង់ចាម ក៏មិនអាចចៀសផុត ពីក្រសែភ្នែករបស់ ជំនាញគយចល័ត ក្រោមបញ្ជារបស់លោក ពុធ សុខា នោះដែរ។ ជាធម្មតា ជំនាញគយចល័ត មានសិទ្ធិអំណាចធំណាស់ មិនត្រឹមតែទំនិញគេចពន្ធ ឬការដឹកជញ្ជូន ឈើខុសច្បាប់ប៉ុណ្ណោះទេ សូម្បីតែការដឹកជញ្ជូនកសិផល ក៏ត្រូវតែចូលបង់លុយ ថ្លៃក្បាលឡានចាប់ពី ៥ម៉ឺនដល់១០ ម៉ឺនរៀល ដោយគ្មានការយោគយល់អ្វីទាំងអស់។ គេមិនដឹងថា លោក ពុធ សុខា ខំប្រឹងប្រមូលលុយ តាមរបៀបកោសរូស ឲ្យអ្នករកស៊ីដឹកទំនិញ ទាំងបង់ពន្ធ ១០០ភាគរយ ឬការដឹកទំនិញ ដែលបង់ពន្ធមិនគ្រប់ ប្រមូលលុយយកទៅបង់ថ្លៃប៉ុស្តិ៍ ប៉ុន្មាននោះទេ។
ក្នុងមួយថ្ងៃៗរថយន្តដឹកទំនិញ ប្រភេទយីឌុប រាប់រយគ្រឿង មកពីច្រកព្រំដែន បានបើកបរឆ្លងកាត់ទីតាំង ប៉ុស្តិ៍ជជុះរបស់លោក ពុធ សុខា នៅចំណុចថ្នល់ទទឹង ហើយគេដឹងថាក្រុមឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូនទំនិញ តាមផ្លូវជាតិ៧ ឡើងដុះស្លែទៅហើយនោះ មានទំនាក់ទំនងល្អ ជាមួយលោក ពុធ សុខា មានការបង់លុយជាប្រចាំខែ ប្រចាំសប្តាហ៍ឬប្រចាំជើង យ៉ាងទៀងទាត់ ដែលគេហៅថា បង់លុយថ្លៃបាយ ជាពិសេសនៅពេលព្រះអាទិត្យ លិចផុតទៅ គេសង្កេតឃើញ រថយន្តដឹកទំនិញ ប្រភេទយីឌុបទាំងខ្សែៗ បើកបន្តកន្ទុយគ្នា ចេញពីខេត្តកំពង់ចាម ចូលរាជធានីភ្នំពេញ ភាគច្រើនជាទំនិញបង់ពន្ធមិនគ្រប់ កើតចេញពីការឃុបឃិតបិទភ្នែក ពីជំនាញគយក្នុងការ លួចបន្លំចំណូលពន្ធ ទៅតាមបច្ចេកទេសគយ។
តាមការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានខែមកនេះ គេសង្កេតឃើញចំណូលពន្ធគយបានកើនឡើង ប្រមាណ ១០ភាគរយ ពោលគឺសកម្មភាព នៃការហូរចូលទំនិញបង់ពន្ធមិនគ្រប់ ពីមុនមានដល់ទៅ ៦០ឬ៧០ ភាគរយ បានធ្លាក់មកនៅត្រឹម ៤០ភាគរយមិនទាន់ធ្វើឲ្យមានប្រសិទ្ធភាព សំដៅលើការប្រមូល ចំណូលពន្ធគយឲ្យបាន ១០០ភាគរយនៅឡើយទេ ភាគច្រើនប្រភេទទំនិញ ដែលនាំចូលតាមច្រកព្រំដែន ជាប់ស្រុកយួន។ យ៉ាងណាក៏ដោយ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ មកពីច្រកព្រំដែននានា ជាប់ប្រទេសយួន បានឃុបឃិតត្រូវដៃត្រូវជើង ជាមួយជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយសម្របសម្រួលបិទភ្នែក សម្រាប់ការនាំចូលទំនិញ បង់ពន្ធមិនគ្រប់ ហើយលោក ពុធ សុខា ក៏សប្បាយប្រមូលលុយ ទៅតាមនោះផងដែរ៕
Source from: watphnom-news.com