ហេតុអ្វីក្រសួងមហាផ្ទៃ មិនគ្រប់គ្រងស្ដង់ដារវិទ្យុទាក់ទង ទុកឲ្យក្រុមហ៊ុនបរកែវ ធ្វើស្រែលើខ្នងប៉ូលីសក្រីក្រ រហូតមានលុយសង់ផ្ទះរាប់ជុង ?

រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាល បម្រើការងារនៅតាម បណ្ដាខណ្ឌទាំង៩ ការិយាល័យ និងអង្គភាពចំណុះឲ្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានរិះគន់ក្រុមហ៊ុនលក់ វិទ្យុទាក់ទងយីហោ បរកែវ ដែលកំពុងធ្វើស្រែ លើខ្នងប៉ូលីសក្រីក្រ ពាក់ព័ន្ធករណីលក់វិទ្យុទាក់ទង ប្រភេទអាយឌី ទៅឱ្យមន្ដ្រីនគរបាល ក្នុងតម្លៃខ្ពស់កប់ពពក រហូតមានការឃុបឃិត កាត់ប្រាក់ខែមន្ដ្រីនគរបាល សម្រាប់ការទិញបណ្ដាក់ ដោយមានការបង្ខិតបង្ខំ ពីប្រធានអង្គភាព ធ្វើឲ្យមន្ដ្រីនគរបាល ជាទូទៅ ដែលមានប្រាក់ខែតិចតួច ក្តៅក្រហាយយ៉ាងខ្លាំង ។
ក្រៅពីលក់វិទ្យុទាក់ទង ក្នុងតម្លៃខ្ពស់ជាងកន្លែងដទៃ ឬការបង្ខំឲ្យមន្ដ្រីនគរបាល ទិញអាយឌី ដោយបង់រំលោះកាត់ប្រាក់ខែ តែមិនសូវមានគុណភាព ប្រើមិនបានយូរឆាប់ខូច ព្រោះក្រុមហ៊ុនបរកែវ បានទិញអាយឌី ចាស់ៗមកពីស្រុកគេ មកជួសជុលកែច្នៃ សម្រាប់លក់ឲ្យ មន្ដ្រីនគរបាល ប្រមូលលុយចំណេញលើគោក។ ពីដំបូងក្រុមហ៊ុនបរកែវ មានផ្ទះតែមួយច្រក តែក្រោយមកមានសិទ្ធិ ផ្តាច់មុខក្នុងការលក់ ឬគ្រប់គ្រងប្រព័ន្ធវិទ្យុទាក់ទង តាមរបៀបធ្វើស្រែលើខ្នង មន្ដ្រីនគរបាល រហូតមានលុយសង់ផ្ទះរាប់ជុង។
មានការបញ្ជាក់ផងដែរថា សេវាជួសជុលអាយឌី ខូចបន្ដិចបន្ដួច ក៏ថ្លៃជាងខាងក្រៅដែរ ហើយបើប្រៀបនិងការ ជួសជុលនៅក្រៅ ពីក្រុមហ៊ុន បរកែវ ល្មមៗមួយម៉ឺនរៀលប៉ុណ្ណោះ។ មន្ដ្រីនគរបាលមួយចំនួន ចង់សួរទៅថ្នាក់លើថា ចុះហេតុអ្វីបានជា ក្រសួងមហាផ្ទៃ មិនគ្រប់គ្រងស្ដង់ដារ វិទ្យុទាក់ទង បែរជាប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង និងលក់ដូរវិទ្យុ ឱ្យមន្ដ្រីនគរបាលជាតិ កោរមិនដាក់ទឹក កាត់ប្រាក់ខែតាមតែអំពើចិត្ដ ធ្វើឱ្យប៉ះពាល់ដល់ សតិអារម្មណ៍មន្ដ្រីមន្ដ្រីនគរបាលជាទូទៅ ។
មន្ដ្រីនគរបាលមួយចំនួន បានបញ្ជាក់ថា អ្វីៗដែលពួកគាត់ មានអាយឌី ប្រើប្រាស់សម្រាប់សេវា គ្រប់គ្រងសន្តិសុខ នាពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែ ជារបស់ផ្ទាល់ខ្លួនដែលដកលុយ ពីហោប៉ៅទិញ ហើយមន្ដ្រីខ្លះមានប្រាក់ខែ តិចតួចចាយមិនគ្រប់ ក៏ប្រឹងចងការប្រាក់គេ យកមកទិញវិទ្យុទាក់ទង ហើយអ្វីដែលគួរឱ្យ កត់សម្គាល់ត្រង់ថា គេបង្ខំឱ្យមន្ដ្រីមន្ដ្រីនគរបាល ទិញវិទ្យុទាក់ទង ពីក្រុមហ៊ុនបរកែវ ដែលមានតម្លៃ ខ្ពស់កប់ពពក ទាំងការលក់លេខ ទាំងសេវាជួសជុល តែរបស់វិញមិនសូវ ធានាគុណភាពទេ។
មានការបង្ហើបឲ្យដឹងផងដែរថា បើនិយាយពីបញ្ហាបិទលេខ ប្រើមិនបាន គឺមានតែមេ ២ទៅ៣ នាក់ ប៉ុណ្ណោះជាស្នងការរងក្រុង បើគាត់ខឹងមន្ដ្រីណាហើយ គាត់បញ្ជាទៅក្រុមហ៊ុន បរកែវ ឱ្យបិទលេខវិទ្យុទាក់ទង មន្ដ្រីនោះភ្លាមៗ។ មន្ដ្រីនគរបាល បានលើកជាសំណួរថា តើក្រសួងមហាផ្ទៃ អត់សមត្ថភាព គ្រប់គ្រងវិទ្យុទាក់ទងឬ ? តាមធម្មតាវិទ្យុទាក់ទង ដែលជាការងារ របស់អង្គភាព ជាស្ថាប័នកំពូលមួយ មិនត្រូវឱ្យក្រុមហ៊ុនឯកជន គ្រប់គ្រងបែបនេះទេ ព្រោះថាវាជាការងាររបស់កងកម្លាំង ត្រូវទាក់ទងគ្នាដោយសម្ងាត់ ហើយបច្ចុប្បន្នគេសង្កេតឃើញ អ្នកប្រើប្រាស់ វិទ្យុទាក់ទង ហាក់បីដូចជា អនាធិបតេយ្យណាស់។ ដូច្នេះសូមក្រសួងមហាផ្ទៃ និងអគ្គស្នងការ នគរបាលជាតិ មេត្តាគិតគូរ ពីបញ្ហានេះឡើងវិញផង៕
Source from: watphnom-news.com