ក្រោយពេលប្រកួតកីឡាបាល់ទាត់ សិស្សវិទ្យាល័យ ២ក្រុម ដេញវាយនិងកាប់ចាក់គ្នា

ខេត្តកំពង់ឆ្នាំង ៖ យុវសិស្សម្នាក់បានរងរបួសប៊ិះដាច់ច្រមុះ ដោយសារសិស្សមួយក្រុមទៀត ជាគូជម្លោះព្រួតគ្នាវាយ និងលួចកាប់ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៤ ខែកុម្ភៈ នៅក្នុងសាលាបឋមសិក្សាគំរូ ក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានមិត្តភក្ដិ ដឹកមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យគ្រូពេទ្យសង្គ្រោះព្យាបាល និងបានដេរច្រមុះភ្ជាប់ឡើងវិញជិត ១០ថ្នេរ។
ជនរងគ្រោះមានឈ្មោះ ភ័ន្ត ណារ៉ង អាយុ ១៩ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង រស់នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈខ្លួននិងក្រុមកីឡា យុវជនវិទ្យាល័យកំពង់លែង បានប្រកួតកីឡាបាល់ទាត់ ជាមួយក្រុមកីឡាយុវជនវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ដែលលទ្ធផលប្រកួត ក្រុមកីឡាក្រុងកំពង់ឆ្នាំង ឈ្នះក្រុមកីឡាកំពង់លែង ១០ទល់នឹងសូន្យ។
រហូតដល់ម៉ោង ៩យប់ ក្រុមជនរងគ្រោះ បានអង្គុយជជែកគ្នាលេង ជាមួយមិត្តភក្ដិ ៥ នាក់ ក្នុងសាលាបឋមសិក្សាគំរូក្រុង ដែលជាកន្លែងសម្រាក ស្រាប់តែមានសិស្សមួយក្រុមទៀត មិនដឹងជា នៅវិទ្យាល័យណាទេ មានគ្នាប្រមាណ ២០នាក់ បានមកមកឡោមព័ទ្ធ ព្រួតគ្នាវាយជនរងគ្រោះទាំងកំរោល ហើយឈ្មោះ ភ័ន្ត ណារ៉ង ត្រូវគេលួចកាប់ចំច្រមុះប៊ិះដាច់ ហើយភ្លាមៗនោះ ក្រុមសិស្សបង្ក ក៏បានរត់គេចខ្លួន បាត់ស្រមោល៕
Source from: watphnom-news.com