ឃាតកម្មដ៏សាហាវឡើងបាញ់សម្លាប់ប្តីប្រពន្ធដល់លើផ្ទះបន្សល់ទុកតែកូនស្រី២នាក់ឲ្យនៅកំព្រា

មានអំពើឃាតកម្មបាញ់សម្លាប់ដ៏សាហាវមួយបានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤នេះ ឋិតនៅភូមិខ្ទប់ដំរីខាងជើង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម ពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យប្តីនិងប្រពន្ធស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ បន្សល់ទុកតែកូនស្រីចំនួន២នាក់ឲ្យរស់នៅកំព្រាឯកាគ្មានឪពុកម្តាយ ។
ប្រភពព័ត៌មានពីខេត្តកំពង់ចាមបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលត្រូវឃាតកបាញ់សម្លាប់ដល់លើផ្ទះនោះ គឺប្តីមានឈ្មោះអ៊ុក ណានីន អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ទាវ ស្រី អាយុ២៥ឆ្នាំ ។
ករណីឃាតកម្មនេះត្រូវបានលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម អះអាងថា ករណីនេះគឺជារឿងគំនុំ ពីព្រោះជនសង្ស័យដែលជាឃាតកមិនបានយកទ្រព្យសម្បត្តិ ឬរបស់របរអ្វីទៅជាមួយនោះទេ ក្រោយសម្លាប់ជនរងគ្រោះជាប្តីប្រពន្ធរួចហើយ ។ លោកស្នងការខេត្តកំពង់ចាមរូបនេះរំពឹងទុកថា ឃាតកនឹងអាចចាប់ខ្លួនបានក្នុងពេលខាងមុខឆាប់ៗ ៕
Source from: www.dtn7.com