មេសហជីពដង្ហែគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាលម្នាក់មានមុខតំណែងតួនាទីច្របូកច្របល់

លោក ជួន មុំថុល ត្រូវបានគេស្គាល់ថាជាប្រធានសហព័ន្ធសហជីពខ្មែរ ដែលជាសហជីពដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ។ ដោយសារគុណសម្បត្តិដង្ហែរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចដូច្នេះហើយ ទើបលោក ជួន មុំថុល ត្រូវបានតែងតាំងជាទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤០៤ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ មានឋានៈជាឯកឧត្តមទល់បច្ចុប្បន្ន ។
ក្រៅពីមានតួនាទីជាប្រធានសហព័ន្ធសហជីពខ្មែរ និងជាទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ ឯកឧត្តម ជួន មុំថុល ក៏មានមុខងារជាអនុប្រធានគណៈកម្មការប្រឹក្សាការងារ(LAC) ជាភាគីតំណាងកម្មករ និយោជិតផងដែរ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ជួន មុំថុល ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប)ថែមទៀត ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៥សសរ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មានន័យថា ឯកឧត្តម ជួន មុំថុល កាន់កាប់មុខងារ និងតួនាទីដូចតទៅ ៖ ១-ប្រធានសហព័ន្ធសហជីពខ្មែរ, ២-អនុប្រធានគណៈកម្មការប្រឹក្សាការងារ(LAC) ភាគីតំណាងកម្មករ និយោជិត, ៣-ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ និង៤-សមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដែលមជ្ឈដ្ឋាននានាហៅថា ជាគណៈកម្មការសម្រាប់បង្ក្រាបកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងគ្រប់ពេលវេលា ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា លោក ជួន មុំថុល ជាមេសហជីពមួយ ត្រូវមានភារកិច្ចតំណាងឲ្យផលប្រយោជន៍របស់កម្មករ និយោជិត បែរជាមកធ្វើជាទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នរាជរដ្ឋាភិបាល និងមកធ្វើជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលរាល់លើកគណៈកម្មការនេះតែងតែបង្ក្រាបទៅលើកម្មករ និយោជិតដែលធ្វើកូដកម្ម បាតុកម្មទៅវិញ ។ ដូច្នេះ កម្មករ និយោជិតដែលជាសមាជិកសហជីពរបស់លោក ជួន មុំថុល គឺជាកម្មករ និយោជិតគាំទ្ររាល់ការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី និងគាំទ្រលើករណីការបង្ក្រាបរបស់ គ.ក.ប មកលើកម្មករ និយោជិតខ្លួនឯង ឬអាចនិយាយបានថា សមាជិកសហជីពរបស់លោក ជួន មុំថុល មិនត្រូវតវ៉ាជំទាស់ជាមួយរាជរដ្ឋាភិបាលទេ បានត្រឹមដង្ហែ និងទទួលយកតាមការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។
នេះគឺជាព័ស្តុតាងបង្ហាញថា មិនថាមន្ត្រីរាជការរបបបុរសខ្លាំងប៉ុណ្ណោះទេដែលមានមានមុខងារ និងតំណែងត្រួវសំពីងសំពោង សូម្បីតែមេសហជីពម្នាក់ដូចជាលោក ជួន មុំថុល ដែលដង្ហែតាមគណបក្សនយោបាយកាន់អំណាច ក៏មានមុខងារច្របូកច្របល់ដែរ ៕
Source from: www.dtn7.com