គយចល័តនៅខេត្តមណ្ឌលគិរី ចេញឡានស៊ីរ៉ែនប្រដេញអ្នករកស៊ីដឹកទំនិញ ទាំងស្របច្បាប់និងខុសច្បាប់ ឲ្យចូលបង់លុយតាមបែបពុករលួយ
ខេត្តមណ្ឌលគិរី៖ក្រុមគយចល័តប្រចាំខេត្តមណ្ឌលគិរីបានធ្វើសកម្មភាពល្បាតប្រដេញចាប់ឡានដឹកទំនិញទាំងតូចទាំងធំដើម្បីត្រួតពិនិត្យជាលេសដើម្បីកោសរូសឲ្យក្រុមឈ្មួញបង់លុយតាមតែអំពើចិត្តរបស់ពួកគេខេត្តមណ្ឌលគិរី ៖ ក្រុមគយចល័តប្រចាំខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពល្បាតប្រដេញ ចាប់ឡានដឹកទំនិញទាំងតូចទាំងធំ ដើម្បីត្រួតពិនិត្យ ជាលេសដើម្បីកោសរូស ឲ្យក្រុមឈ្មួញបង់លុយតាមតែអំពើចិត្តរបស់ពួកគេ ជាពិសេសការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្តទំនើបៗចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងខេត្តមណ្ឌលគិរី មិនដែលគេចផុតពីក្រសែភ្នែករបស់ក្រុមគយចល័តនោះទេ ដូចដែលសមត្ថកិច្ចមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រុមគយចល័តទាំងនោះ កំពុងតែប្រឹងប្រែងធ្វើសកម្មភាព ប្រមូលលុយយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ជាជាងការប្រមូលលុយ យកទៅបង់ចូលក្នុងខ្ទង់ថវិកាជាតិ។
សេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមគយចល័តទាំងនោះ កំពុងប្រើប្រាស់រថយន្តរបស់អង្គភាពម៉ាក តូយ៉ូតា វីហ្គោ មួយបាំងកន្លះ ពណ៌ទឹកប្រាក់ មានដាក់ស៊ីរ៉ែន ពីលើ និងមានបិទឡូហ្គោ គយនិងរដ្ឋាករ សម្រាប់បង្ក្រាបបទល្មើសគេចពន្ធ បើកល្បាតឬឈប់នៅតាមដងផ្លូវ ជារូបភាពគំរាមឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូលបង់លុយ មិនដែលមានការយោគយល់ ចំពោះក្រុមឈ្មួញ ណាម្នាក់ឡើយ។ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងអស់ នៅពេលបានឃើញរថយន្ត របស់ក្រុមគយចល័ត ចតនៅតាមដងផ្លូវ មិនហ៊ានបើកហួសនោះទេ គឺត្រូវតែបន្ថយល្បឿន ចូលទៅឲ្យមន្ត្រីគយចល័តទាំងនោះ ធ្វើការសួរនាំឬត្រួតពិនិត្យ ហើយដើម្បីកុំឲ្យវែងឆ្ងាយ ក្រុមឈ្មួញតែងតែបង់លុយ ឲ្យមន្ត្រីគយទាំងនោះទៅតាមការទាមទារ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ដូចជាគ្រឿងចាប់ហួយ គ្រឿងសំណង់ និងទំនិញចម្រុះមួយចំនួន មកពីស្រុកយួន ដើម្បីលក់ចែកចាយ ក្នុងទីរួមខេត្តមណ្ឌលគិរី ត្រូវតែចូលខ្លួនទៅបង់លុយ ឲ្យក្រុមគយចល័តដែលកំពុង ធ្វើសកម្មភាពយ៉ាងប្រសេចប្រសាច តាមដងផ្លូវ ។ ពេលខ្លះទៀត ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ បង់ពន្ធត្រឹមត្រូវតាមច្រកព្រំដែនរួចហើយ ក៏ត្រូវក្រុមគយចល័ត ដែលប្រើប្រាស់រថយន្តវីហ្គោ ដាក់ស៊ីរ៉ែន តាមប្រដេញចាប់ឲ្យបង់លុយចំនួន ១ពាន់ដុល្លារអាមេរិក ដោយលើកឡើងថា ប្រសិនបើមិនព្រមប្រគល់លុយ តាមការទាមទារទេនោះ ពួកគេនឹងបញ្ជូនទាំងរថយន្ត និងទំនិញទៅឲ្យថ្នាក់លើដោះស្រាយ ធ្វើឲ្យក្រុមឈ្មួញជាច្រើនភ័យខ្លាច ក៏ចេះតែបង់លុយឲ្យមន្ត្រីគយចល័តទាំងនោះទាំងទើសទាល់។
សកម្មភាពដែលក្រុមគយចល័ត កំពុងបង្កព្យុះភ្លៀង ល្បីពេញខេត្តមណ្ឌលគិរីនេះ គឺជាអំពើខុសច្បាប់ និងជាការប្រព្រឹត្តអំពើពុករលួយក្នុងតំណែង ផ្ទុយពីការរឹតបន្តឹងរបស់ថ្នាក់លើ និងជះឥទ្ធិពលមិនល្អ ដល់មេគយចល័ត នៅរាជធានីភ្នំពេញ ព្រោះការដឹកជញ្ជូនទំនិញតូចតាច មកពីស្រុកយួនដើម្បីលក់ចែកចាយ នៅក្នុងទីរួមខេត្តមណ្ឌលគិរី គ្រាន់បានប្រាក់ចំណេញចិញ្ចឹមឆ្នាំងប៉ុណ្ណោះ មិនអាចយកទៅធ្វើ ជាមហាសេដ្ឋីកើតទេ។ ដូច្នេះនៅ ពេលលេចមុខក្រុមគយចល័ត មកកោសរូសបង្ខំឲ្យបង់លុយ មួយជាន់ទៀតនោះ ធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីដឹកជញ្ជូនទំនិញរបស់ពួកគាត់ ហើយទំនិញជាច្រើនទៀត ចេះតែឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ក្រុមគយចល័តដែលប្រចាំការ នៅក្នុងខេត្តមណ្ឌលគិរី មួយថ្ងៃៗតាមប្រម៉ាញ់រថយន្តដឹកទំនិញ របស់ឈ្មួញតូចតាច ឲ្យចូលបង់លុយបានរាប់លានរៀល ដែលនេះមិនទាន់គិតដល់ករណី កោសរូសបង្ខំឲ្យប្រជាពលរដ្ឋ បង់លុយសម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាមរថយន្តតូចនិងរថយន្តធំ ចេញទៅស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងនានាក្នុងខេត្តមណ្ឌលគិរី នៅឡើយទេ។ មន្ត្រីគយចល័តទាំងនោះ តែងតែបង្ខំឲ្យប្រជាពលរដ្ឋបង់លុយ ជាថ្នូរនៃការមិនត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដោយសំអាងថា ក្រុមឈ្មួញមានបង្កប់ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ហើយប្រសិនបើនរណាមិនបង់លុយ ឲ្យជំនាញគយចល័តទាំងនោះទេ ច្បាស់ជាគេនាំយកទៅប៉ុស្តិ៍ ផាកពិន័យធ្វើឲ្យខូចខាត ឬបាត់បង់ទំនិញជាអសារបង់៕
Source from: watphnom-news.com

Loading...
Loading...