ម៉ូតូបោកបុកគ្នាយ៉ាងពេញទំហឹង ដួលបោកក្បាលរងរបួសធ្ងន់ស្រាល ៤នាក់ ក្បែរដេអិន

រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូ ២គ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២២និង២០ នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ជិតក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្ស ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកកូនទា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1Y-6985 ឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង បំណងឆ្លងផ្លូវ ចូលទៅស្តុបដេអិន ប៉ុន្តែត្រូវយុវជន ២នាក់ កំពុងជិះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9268 ទិសដៅបញ្ច្រាស់គ្នា បានជ្រុលទៅបុក ចំពាក់កណ្តាលម៉ូតូកូនទា យ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំង ២គ្រឿង រងរបួសធ្ងន់ស្រាល ហើយក្នុងចំណោម ៤នាក់នោះ ក៏មាននារី ២នាក់ ផងដែរ៕
Source from: watphnom-news.com