ស្ត្រីចំណាស់លួចចង.ក សម្លាប់ខ្លួននៅលើផ្ទះរយៈពេល ២ថ្ងៃ រហូតធំក្លិនស្អុយទើបកូនដឹង

ខេត្ដកណ្ដាល ៖ ស្ដ្រីវ័យចំណាស់ម្នាក់ កើតជំងឺសរសៃប្រសាទ បានឡើងលើផ្ទះលួចចងក សម្លាប់ខ្លួនរយៈពេល ២ថ្ងៃ រហូតធំក្លិនស្អុយទើបកូនដឹង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះ ក្នុងភូមិអូរអណ្ដូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ អ៊ុន ផាន់នី ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ មុខរបរកសិករ មានជំងឺសរសៃប្រសាទ។ នៅមុនថ្ងៃកើតហេតុ គឺនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១១និង១០នាទីព្រឹក អ្នកជិតខាងបានឃើញ ស្ដ្រីរងគ្រោះដើរចេញពីផ្ទះ ទៅទិញបារីនៅក្នុងភូមិ រួចក៏ត្រឡប់មកផ្ទះវិញ ឡើងទៅសម្ងំបាត់រហូត។ លុះដល់ព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៤ វេលាម៉ោង ៦និង៣ ០នាទី កូនស្រីរបស់ជនរងគ្រោះឈ្មោះ ផន សុខហេង អាយុ ១៧ឆ្នាំ មានការសង្ស័យ ក៏ឡើងទៅមើល ស្រាប់តែទ្វារផ្ទះ មានដាក់គន្លឹះពីខាងក្នុងជាប់ ។
ពេលនោះកូនស្រី ក៏អើតមើលតាមបង្អួច ក៏ឃើញម្ដាយចងក ស្លាប់បាត់ទៅហើយ ដោយប្រើខ្សែគោ ក៏បានប្រាប់បងប្អូន និងរាយការណ៍ ទៅសមត្ថកិច្ចជំនាញ ឲ្យចុះទៅពិនិត្យសាកសព ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្ដឃាត ដោយចងកសម្លាប់ខ្លួន រហូតមានសភាព ហើមស្អុយទៅហើយ។ ម្យ៉ាងទៀតដោយសារ ជនរងគ្រោះនៅក្នុងផ្ទះម្នាក់ឯង ចំណែកកូនស្រី ទៅធ្វើការរោងចក្រ និងរស់នៅផ្ទះផ្សេង ជាមួយអ៊ំប្រុស នៅខាងលិចផ្ទះជនរងគ្រោះ ។ យ៉ាងណាក៏ដោយ ចំពោះករណីនេះ កូនចៅនិងក្រុមគ្រួសារ ពុំចោទប្រកាន់ឬប្ដឹងផ្ដល់អ្វីឡើយ ហើយបានសុំយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com