ជនទំនើងមួយក្រុមប្រើ់កាំបិតបុ័ងតោនិងបំពង់ទីប ដេញកាប់ប្រហារបុរស ២នាក់របួសធ្ងន់

រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម ប្រដាប់ដោយ កាំបិតបុ័ងតោ និងបំពង់ទីប បានពួនស្ទាក់កាប់ប្រហារ ទៅលើយុវជន ២នាក់ ដែលកំពុងតែជិះម៉ូតូដោយមិនដឹងខ្លួន បណ្តាលឲ្យរងរបួស មុតរយះជើងទាំង ២នាក់ ហើយនាំគ្នារត់គេចតែត្រូវបានកម្លាំងល្បាត រួមជាមួយប្រជាពលរដ្ឋ ចាប់បានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខហាងបងស្រស់ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះរួមមាន ឈ្មោះ ស៊ីម ផាន់ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពោធិ៍មាស ឃុំពោធិ៍មាស ស្រុកអូររាំងឪ ខេត្តកំពង់ចាម រងរបួសជើងស្តាំ និងឈ្មោះ វឿន ប៊ុនណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ក្នុងភូមិអូរតាវ៉ាម ឃុំ ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសជើងសងខាង ។
ចំណែកយុវជនបង្ក ត្រូវសមត្ថកិច្ចចាប់បានម្នាក់ ឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅក្នុងយានដ្ឋាន ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដោយឡែកបក្ខពួក ២នាក់ ផ្សេងទៀត រត់គេចខ្លួនបាត់ ។ យុវជនបង្កបានសារភាពថា ខ្លួនរួមជាមួយបក្ខពួក ២នាក់ទៀត ត្រូវបានជនរងគ្រោះ ទូរស័ព្ទណាត់មកវាយគ្នា ប៉ុន្តែជនរងគ្រោះ បានអះអាងថា មិនដែលស្គាល់គ្នាឡើយ ។
យុវជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានធ្វើដំណើរ តាមម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL- 0798 ជិះឌុបគ្នា បើកបរដោយឈ្មោះ ចាន់ កុសល ចេញពីផ្ទះស្នាក់នៅ ក្នុងគោលបំណង ទៅផ្ទះឪពុកមា នៅភូមិព្រៃព្រីងខាងត្បូង លុះជិះដល់ខាងត្បូង រង្វង់មូលចោមចៅ ត្រូវបានយុវជន មួយក្រុមមានគ្នា ៣នាក់ ប្រដាប់ដោយកាំបិត និងបំពង់ទីបបានធ្វើសកម្មភាព គប់កាំបិតបុ័ងតោ ត្រូវចំជើងអ្នកបើកម៉ូតូ ហើយជនបង្កជិះម៉ូតូដេញតាមវាយ រហូតដល់មុខហាងបងស្រស់ ហើយជនរងគ្រោះ ផ្តួលម៉ូតូរត់ស្រែកឲ្យគេឯងជួយ ៕
Source from: watphnom-news.com