ចេញពីហូបការបើកឡានទៅបុកអ្នកជិះកង់ស្លាប់ និងបុករះបង្គោលភ្លើងដាច់អគ្គិសនី ៣ខេត្ត

ខេត្តបន្ទាយមានជ័យ ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកបោះពួយយ៉ាងលឿន បានជ្រុលទៅបុកស្ត្រីម្នាក់ ដែលកំពុងជិះកង់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦និង៣០ នាទី ព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ចំណុចភូមិពុទ្ធតាសត ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ហើយរថយន្តបង្កបន្តទៅបុក បង្គោលចែកចាយភ្លើង ពីប្រទេសថៃ នាំឲ្យខេត្តចំនួន ៣ជាប់ៗគ្នាបានដាច់ ចរន្តអគ្គិសនីអស់រយៈពេលជិត ២ម៉ោងឯណោះ។
លោក ឆេងអ៊ី សុខា អធិការស្រុកអូរជ្រៅ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាអ្នកជិះកង់ មានឈ្មោះ យ៉ង សុខឿន អាយុ ៥៦ឆ្នាំ ហើយរថយន្តបង្ក ម៉ាកតូយ៉ូតា កូរ៉ូឡា ស្លាកលេខត្រូវគេដោះ យកទៅបាត់។ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ស្រមោល ហើយគេដឹងថា រថយន្តបង្កបានចេញ ពីហូបការនៅសិរីសោភ័ណ បើកសំដៅទៅក្រុងប៉ោយប៉ែត លុះធ្វើដំណើរមកដល់ កន្លែងកើតហេតុ បានជ្រុលចង្កូត ទៅបុកស្ត្រីម្នាក់ដែលកំពុងជិះកង់ បណ្តាលឲ្យស្លាប់ រួចហើយរថយន្តបង្ក ក៏បានរ៉េចង្កូតបន្ត ទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យទុស្សេ ដាច់ខ្សែបញ្ជូនចរន្តអគ្គិសនី ពីប្រទេសថៃ ដែលមានតង់ស្យុងខ្ពស់។
រថយន្តបង្កត្រូវសមត្ថកិច្ច យកទៅរក្សារទុក នៅអធិការដ្ឋានស្រុកអូរជ្រៅ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបងប្អូនសាចញាតិ យកទៅធ្វើបុណ្យប្រពៃណី និងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក មកដោះស្រាយតាមច្បាប់។ សមត្ថកិច្ចនគបាល បានបញ្ជាក់ថា អគ្គីសនីពីប្រទេសថៃ ត្រូវផ្ដាច់មែន ប៉ុន្តែក្រុមហ៊ុន បានភ្ជាប់ចរន្ត តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ពីភ្នំពេញ និងខេត្តពោធិ៍សាត់ អាចឲ្យប្រជាពលរដ្ឋ មានអគ្គីសនីប្រើប្រាស់វិញ នៅម៉ោងជាង ៧ យប់ សម្រាប់ខេត្តទាំង៣ មានខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប៕
Source from: watphnom-news.com