ជនទំនើងដេញកាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ពេលប្រពន្ធប្រើឲ្យទៅទិញពងទាកូន

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមក្មេងស្ទាវ មិនស្គាល់មុខ ៤នាក់ ប្រើកាំបិតជិះម៉ូតូមួយគ្រឿង ដេញតាមកាប់ប្រហារ កាលពីវេលាម៉ោង ៨និង៣០ យប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៤ នៅភូមិជ្រនាង ឃុំគោក ឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលយុវជនរងគ្រោះ ២នាក់នេះ ជិះម៉ូតូតាមផ្លូវលេខ៥៧បេ ត្រឡប់មកពីទិញពងទាកូន ហើយក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានជិះម៉ូតូ រត់គេចខ្លួនបាត់។
លោក ហៀង ប៊ុនថា អធិការរងប៉ូលិស ស្រុកថ្មគោល បានឲ្យដឹងថា យុវជនដែលស្លាប់ មានឈ្មោះ ជុត គង្គា អាយុ ១៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ប៉ាក់ ចិន្តា អាយុ ១៩ឆ្នាំ រងរបួសដៃឆ្វេង ២កាំបិត ដៃស្តាំមួយកាំបិត និងក្បាលមួយកាំបិត ជាអ្នករួមដំណើរ។ ជនរងគ្រោះទាំង ២នាក់ ទើបត្រឡប់មកពី ប្រទេសថៃបាន ៣ថ្ងៃ។ ឈ្មោះ ប៉ាក់ ចិន្តា ដែលរងរបួស បានប្រាប់ប៉ូលិសថា ពេលេពួកគេជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1L-4647 ត្រឡប់មកពីទិញពងទាកូន តាមផ្លូវជាតិលេខ៥៧បេ ស្រាប់តែឃើញមានម៉ូតូ ១គ្រឿង ជិះឌុបគ្នា ៤នាក់ ដេញតាមពីក្រោយ កាក់ឲ្យពួកខ្លួនឈប់ រួចពួកគេបានដកយកកាំបិត កាប់តែម្តង មិនបានប្លន់យកអ្វីឡើយ៕
Source from: watphnom-news.com