មានអ្វីអាថ៌កំបាំងទើបលោក ហង្ស ថុល ស្ងៀមស្ងាត់ចំពោះរឿងដែលលោក សេង ប៊ុនតេង មានអំណាចប្រមូលលុយ ពីជំនួញឈើ

ខេត្តកំពង់ធំ ៖ មានភាពមិនប្រក្រតីជាច្រើន ក្រោមចំណាត់ការរបស់លោក សេង ប៊ុនតេង ជាមន្ត្រីកងរាជអាវុធហត្ថ ដ៏មានអំណាចប្រចាំខេត្តកំពង់ធំ ដៃម្ខាងជួញដូរ ដៃម្ខាងទៀតចាប់ ជាពិសេសរាល់ករណី បង្ក្រាបឡានដឹកឈើខុសច្បាប់គេសង្កេតឃើញមន្ត្រីកងរាជអាវុធហត្ថក្រោមបញ្ជារបស់លោក សេង ប៊ុនតេង ដែលជាមនុស្សជំនិតបំផុត របស់លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ តែងតែស៊ីឡាក់ លួចឈើប្រណីតដែលជាវត្ថុតាង បង្កឲ្យមានមន្ទិលសង្ស័យ ជាច្រើនករណីមកហើយ។ ប៉ុន្តែគេមិនដែលឃើញលោក ហង្ស ថុល ចាត់វិធានការដាក់ពិន័យ ឬព្យួរមុខតំណែងរបស់លោក សេង ប៊ុនតេង ម្តងណាឡើយ នាំឲ្យគេលើកជាសំណួរថា តើលោក សេង ប៊ុនតេង គឺជាអ្នកប្រមូលសេដ្ឋកិច្ច យកទៅជូនលោក ហង្ស ថុល ឬក៏យ៉ាងណាបានជាលោក សេង ប៊ុនតេង មានសិទ្ធិអំណាច បង្កព្យុះភ្លៀងតាមតែអំពើចិត្ត។
ក្នុងអង្គភាពកងរាជអាវុធហត្ថ ខេត្តកំពង់ធំ គេសង្កេតឃើញក្រុមមន្ត្រី បែងចែកជា២ ក្រុមធំៗក្នុងការបង្ក្រាប ឬចុះប្រមូលលុយពីបទល្មើស ដែលក្រុមទី១ ដឹកនាំដោយលោក សេង ប៊ុនតេង ក្នុងនាមជាជំនួយការផ្ទាល់ ផ្នែកសេដ្ឋកិច្ចរបស់លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកម្លាំង ៤ទៅ១០ នាក់ ចេញល្បាតដាក់ប៉ុស្តិ៍ជជុះ ចាំប្រមូលលុយពីឡានដឹកឈើខុសច្បាប់ និងចាំរត់ការបើកផ្លូវ ឲ្យក្បួនឡានដឹកឈើរបស់ឈ្មួញធំៗ ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ និងក្រុមមួយទៀត ស្ថិតក្រោមបញ្ជារបស់មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដ៏មានអំណាចម្នាក់ និងធ្លាប់មានឈ្មោះក្នុងបញ្ជីខ្មៅ របស់អង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីកងរាជអាវុធហត្ថទាំង ២ក្រុមនេះ សុទ្ធសឹងជាជើងកាប់ដាវ ដាក់ប៉ុស្តិ៍ជជុះចាំប្រមូលលុយ ពីឡានដឹកឈើយ៉ាងប្រសេចប្រសាច និងតាមចាប់ឡានដឹកឈើ តាមរបៀបលោតឆ័ត្រ ហើយលួចយកឈើប្រណីត ដែលជាវត្ថុតាង ទៅលក់ឲ្យឈ្មួញដទៃទៀតយ៉ាងសុខស្រួល។
ភាពអនាធិបតេយ្យដែលបង្កឡើង ដោយក្រុមលោក សេង ប៊ុនតេង បានធ្វើឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញដទៃទៀត មើលបំណាំនិងមិនសប្បាយចិត្ត ទាល់តែសោះ ព្រោះពេលខ្លះមន្ត្រីជំនាញបានប្រដេញ តាមឡានដឹកឈើខុសច្បាប់ មកពីខេត្តសៀមរាប ឬព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំ ក៏ត្រូវកម្លាំងរបស់លោក សេង ប៊ុនតេង ចេញរថយន្តតាមបិទគូថ ក្បួនឡានដឹកឈើទាំងនោះ ដើម្បីរារាំងមិនឲ្យមន្ត្រីជំនាញចេញបង្ក្រាប ហើយកូនចៅរបស់លោក សេង ប៊ុនតេង មួយចំនួនទៀត ត្រូវបានដាក់ឲ្យប្រចាំការ តាមប៉ុស្តិ៍ជជុះនៅក្បែរៗ ទីស្នាក់ការនគរបាលសេដ្ឋកិច្ច និងទីស្នាក់ការជំនាញ រដ្ឋបាលព្រៃឈើជាដើម។ មន្ត្រីក្រោមបញ្ជារបស់លោក សេង ប៊ុនតេង អនាធិបតេយ្យខ្លាំងណាស់ មិនគោរពសេចក្តីណែនាំ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះទាមទារឲ្យថ្នាក់លើ ត្រូវតែពិនិត្យមើលលក្ខណៈសម្បត្តិរបស់លោក សេង ប៊ុនតេង ឡើងវិញខ្លះផង ដែលយ៉ាងហោចណាស់ បង្ហាញពីការអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ ឲ្យមានប្រសិទ្ធភាព។
គេចង់ឃើញ អភិបាលខេត្តកំពង់ធំ ចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវលើរឿងហេតុ ដែលកើតមាន នៅក្នុងប្រតិបត្តិការលួចបន្លំឈើប្រណីត ជាវត្ថុតាងប្រព្រឹត្តដោយកូនចៅ របស់លោក សេង ប៊ុនតេង ឡើងវិញផង ព្រោះនេះជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែចាប់បញ្ជូនវត្ថុតាង ពាក់ព័ន្ធបទល្មើសព្រៃឈើទាំងនោះ បញ្ជូនឲ្យមន្ត្រីជំនាញដោយតម្លាភាព ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្ក្រាបបទល្មើសឲ្យស្របតាមបទបញ្ជា របស់ថ្នាក់លើ។ ភាពអនាធិបតេយ្យ ដែលបង្កឡើងដោយលោក សេង ប៊ុនតេង កំពុងធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់លោក ហង្ស ថុល ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រឡាក់ប្រឡូសដោយរឿងអាស្រូវ ហើយគេមិនច្បាស់ទេថា តើលោក ហង្ស ថុល ទទួលបានផលប្រយោជន៍ ពីភាពអនាធិបតេយ្យរបស់លោក សេង ប៊ុនតេង ប៉ុន្មាននោះទេ ក្នុងមួយខែៗទើបភាពអសកម្ម និងកំហុសឆ្គងរបស់លោក សេង ប៊ុនតេង មិនដែលត្រូវបានថ្នាក់លើ ស៊ើបអង្កេតឬដាក់ពិន័យ បើទោះបីជាអំពើអាក្រក់ ប្រព្រឹត្តដោយកូនចៅរបស់លោក សេង ប៊ុនតេង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដទៃទៀត ដឹងឮគ្រប់ៗគ្នាក៏ដោយ៕
Source from: watphnom-news.com
No comments:
Post a Comment