ឧកញ៉ា ថៃ ក្លាយជាមេឈ្មួញនាំមុខគេ ក្នុងការកាប់ឈើប្រណីត ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជ្រកក្រោមស្លាកសម្បទាន យ៉ាងក្រអឺតក្រទម

រាជធានីភ្នំពេញ ៖ ភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញឈើខុសច្បាប់ នៅក្នុងតំបន់អភិរក្សជម្រកសត្វព្រៃលំផាត់ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែក របស់មន្ត្រីអភិរក្ស ចំណុះឲ្យក្រសួងបរិស្ថាន ហើយឧកញ៉ា ថៃ បានក្លាយជាមេឈ្មួញ ដ៏មានអំណាចបំផុតក្នុងខេត្តរតនគិរី គ្មាននរណាហ៊ានប៉ះពាល់នោះទេ សូម្បីតែពេលថ្មីៗនេះ ប្រជាសហគមន៍បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការសិទ្ធិមនុស្ស និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយទប់ស្កាត់សកម្មភាព កាប់បំផ្លាញព្រៃឈើរបស់ឧកញ៉ា ថៃ ដែលកំពុងកើតមាន យ៉ាងអនាធិបតេយ្យនៅតាមតំបន់អភិរក្ស ក៏មកដល់ពេលនេះឧកញ៉ា ថៃ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ រួចបន្តសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូន ឈើខុសច្បាប់យ៉ាងក្រអឺតក្រទមបំផុត។
ប្រជាសហគមន៍បានលើកឡើងថា បទល្មើសកាប់ឈើ នៅដែនជម្រកសត្វព្រៃលំផាត់ ត្រង់ចំណុចកំពតតាវៀន ឃុំស្រែអង្គ្រង កំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ប្រព្រឹត្តដោយឈ្មួញដ៏មានអំណាច ដែលទទួលបានសិទ្ធិ ប្រមូលអនុផលព្រៃឈើនៅតាមតំបន់ព្រៃសម្បទាន នៅក្បែរនោះ។ ជាធម្មតា មន្ត្រីអភិរក្ស បានដាក់ប៉ុស្តិ៍និងបែងចែកវេនប្រចាំការ គ្រប់ច្រកចេញចូលទាំងអស់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែមន្ត្រីទាំងនោះបានត្រឹមតែ បិទភ្នែកបិទត្រចៀក ធ្វើមិនដឹងមិនឮ ចំពោះភាពអនាធិបតេយ្យ ដែល ឧកញ៉ា ថៃ បញ្ជូនកម្មករឲ្យទៅចូលព្រៃ កាប់ឈើប្រណីតគ្រប់ប្រភេទ យកទៅស្តុកទុកក្នុងទីតាំងដីសម្បទាននៅក្បែរនោះ រួចបន្តដឹកចេញទៅលក់នៅស្រុកយួន យ៉ាងសុខស្រួលបំផុត។
មានការរំលឹកផងដែរថា ឧកញ៉ា ថៃ បានជួលកម្មករ យ៉ាងហោចណាស់ ៥០ទៅ៦០ នាក់ក្នុងមួយថ្ងៃៗ ឲ្យចូលព្រៃកាប់ឈើប្រណីត ក្នុងដែនជម្រកសត្វព្រៃលំផាត់ និងបានប្រើប្រាស់រថយន្តរ៉េវកែច្នៃ មិនតិចជាង ១០គ្រឿង សម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃ លាន់ឮកងរំពង តែមន្ត្រីអភិរក្សក្រោមបញ្ជា របស់លោក អ៊ូ សុធី ជាប្រធានដែនជម្រក សត្វព្រៃលំផាត់ មិនដែលឈឺក្បាលវិលមុខ ពីបញ្ហានេះម្តងណាឡើយ មិនដឹងជាទទួលបាន ផលប្រយោជន៍ប៉ុន្មាន ពីឧកញ៉ា ថៃ នោះទេ។ គេចង់ឃើញលោក សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលលក្ខណសម្បត្តិ របស់លោក អ៊ូ សុធី ឡើងវិញផង បន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាសហគមន៍ ដែលបានលើកឡើងពីភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញព្រៃឈើ តាមតែអំពើចិត្ត ប្រព្រឹត្តដោយឧកញ៉ា មានលុយ មានអំណាច។
ឧកញ៉ា ថៃ បានបញ្ជូនកម្មករ ឲ្យចូលព្រៃកាប់ឈើ រួចហើយដឹកជញ្ជូន យកទៅស្តុកទុកនៅក្នុង ទីតាំងដីសម្បទានធំៗចំនួន ២កន្លែង គឺនៅក្នុងទីតាំងក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន ហុងអាញ់ អណ្តូងមាស ហើយនៅពីក្រោយឧកញ៉ា ថៃ ក៏មានសមត្ថកិច្ចមួយចំនួន បានចេញមុខមកជួយជ្រោមជ្រែង ឲ្យការដឹកជញ្ជូនឈើខុសច្បាប់ របស់ឧកញ៉ាថៃ ដំណើរការដោយរលូនល្អ មិនដែលមានការបង្ក្រាប ម្តងណាឡើយ។ ការដឹកជញ្ជូនឈើប្រណីត របស់ឧកញ៉ា ថៃ ពេលខ្លះត្រូវរថយន្តខូចតាមផ្លូវ ឬជាប់ផុងដោយសារតែ ផ្ទុកលើសទម្ងន់ ក៏មិនដែលមានសមត្ថកិច្ច ឬមន្ត្រីជំនាញ ទៅត្រួតពិនិត្យឬសួរនាំម្តងណាឡើយ ព្រោះគេដឹងថា ជារបស់ឧកញ៉ា ថៃ ដែលពួកគេទទួលបាន ផលប្រយោជន៍ជាប់ជាប្រចាំ ទើបធ្វើមិនដឹងមិនឮ ទុកឲ្យឧកញ៉ា ថៃ ធ្វើអ្វីៗតាមតែអំពើចិត្ត។
ផ្អែកតាមបទបញ្ជារបស់សម្តេច ហ៊ុន សែន និងសុន្ទរកថា កាលពីពេលមុន ដែលថាជនបំផ្លាញព្រៃឈើ គឺជាជនឧក្រិដ្ឋ ត្រូវនាំទៅកាត់ទោសតាមច្បាប់ ប៉ុន្តែរឿងពិតជាក់ស្តែង មេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ធ្វើសកម្មភាពកាន់តែគគ្រឹកគគ្រេង កាន់តែមានលុយកាក់ច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ ហើយឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ រាប់រយនាក់ បានក្លាយជាឧកញ៉ា តាមរយៈការចាយលុយ ទិញគោរមងារ ឬចេញលុយជួយកសាង សមិទ្ធផលក្នុងសង្គមបន្តិចបន្តួច។ គួរឲ្យខ្មាសអៀនផងដែរ នៅពេលដែលមេឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជាច្រើន មានងារសុទ្ធតែជាឧកញ៉ា និងមានឥទ្ធិពលអំណាចធំធេង គ្មាននរណាហ៊ានក្អកជាមួយទេ ពោលគឺក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ មិនត្រឹមតែគ្មានទោសពៃរ៍ ឬជាឧក្រិដ្ឋជននោះទេ ថែមទាំងមានអំណាច បង្កព្យុះភ្លៀងតាមតែអំពើចិត្ត៕
Source from: watphnom-news.com